តើនឹងមានសមាសភាពក្រុមចូលរួមប្រកួតចំនួនប៉ុន្មានក្លិប នៅក្នុងរដូវកាលថ្មី ២០២៦/២៧ ខាងមុខ បានក្លាយជាសញ្ញាសួរសម្រាប់អ្នកគាំទ្រ បន្ទាប់ពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានបង្ហោះជាសាធារណៈ រហូតមានមន្ទិលពីអ្នកគាំទ្រថា លីគរដូវកាលថ្មី អាចនឹងមានការថមថយក្រុមចូលរួមប្រកួតប្រជែងទៀតផង។
ទន្ទឹមជាមួយការដាក់ចំណោទ ដែលកំពុងត្រូវបានអ្នកគាំទ្រធ្វើការដេញដោលលើបណ្ដាញសង្គមនេះ ទោះបី CPL បានដាក់ជម្រើសចំនួន ៤ រួមមាន ៨ក្លិប, ៩ក្លិប, ១០ក្លិប និង ១១ក្លិបក៏ពិតមែន តែចម្លើយចំពោះមុខមាន ២ប៉ុណ្ណោះ គឺរក្សា ១១ក្លិបចូលរួមដដែល និងការថមថយក្រុមចូលរួម បើធៀបនឹងរដូវកាលមុន ហើយគ្មានការកើនឡើយ។
ទោះមានមតិមួយចំនួន សង្ឃឹមលីគរដូវកាលថ្មី អាចរក្សាក្លិបប្រកួតប្រជែង ១១ក្រុមដដែល តែដោយផ្អែកលើលក្ខខណ្ឌអាជ្ញាបណ្ណក្លិប និងព័ត៌មានចរចាមអារ៉ាមពីវិបត្តិហិរញ្ញវត្ថុរបស់ក្លិបមួយចំនួន បានធ្វើឲ្យអ្នកគាំទ្រប្រហាក់ប្រហែលគ្នា មើលឃើញពីឱកាសធ្លាក់ក្រុមចូលរួមមកត្រឹម ១០ក្លិប ឬ ៩ក្លិប ហើយអាចធ្លាក់ដល់ ៨ក្លិបក៏ថាបាន។
បែបនេះក្ដី នេះគ្រាន់តែជាការចំណោទ បែបទស្សន៍កម្សាន្ដសម្រាប់អ្នកគាំទ្រ កំឡុងពេល Pre-Season ស្របពេលក្រុមមួយចំនួន កំពុងធ្វើការរុះរើ និងរៀបចំក្រុម ដើម្បីត្រៀមរដូវកាលថ្មី តែក៏មានក្លិបមួយចំនួន ហាក់ស្ងប់ស្ងាត់ផងដែរ។ ដូច្នេះអ្វីៗ ត្រូវរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ស្របពេលរដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ ក៏នឹងមានការត្រឡប់មកវិញ នៃលីគទី២ ផងដែរ៕ អត្ថបទ លី ឈុនឡា
