ក្លិប Manchester City បានប្រកាសជាផ្លូវការពីការតែងតាំងលោក Enzo Maresca ជាគ្រូបង្វឹកថ្មី ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដើម្បីស្នងតំណែងពីលោក Pep Guardiola ដែលបានលាលែងពីតំណែងនៅខែឧសភា បន្ទាប់ពីដឹកនាំក្រុមអស់រយៈពេល ១០ ឆ្នាំ និងឈ្នះពានរង្វាន់ជាច្រើន។

ជាមួយគ្នានេះ Chelsea បានបញ្ជាក់ថា Manchester City នឹងបង់ប្រាក់សំណងឱ្យក្លិប សម្រាប់ការទទួលយក Maresca ទៅដឹកនាំក្រុម។ ទោះបីក្លិបទាំងពីរមិនបានបង្ហាញតួលេខផ្លូវការក៏ដោយ ប្រភពមួយបានប្រាប់ BBC Sport ថា Manchester City បានយល់ព្រមបង់ប្រាក់ប្រមាណ ១៧លានផោន ជាសំណង។
សំណងនេះ គឺដាច់ដោយឡែកពីកិច្ចព្រមព្រៀងសំណងរវាង Chelsea និងលោក Maresca ដែលក្លិបបានអះអាងថា សម្រេចបានរួចរាល់ ប៉ុន្តែព័ត៌មានលម្អិតនៅតែរក្សាជាការសម្ងាត់។

លោក Maresca បានចាកចេញពី Chelsea កាលពីខែមករា បន្ទាប់ពីក្រុមទទួលបានជ័យជម្នះត្រឹមមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៧ ប្រកួតចុងក្រោយនៅ Premier League។
នៅពេលនោះ Chelsea បានបញ្ជាក់ថា ការចែកផ្លូវគ្នាជាការព្រមព្រៀងរវាងភាគីទាំងសងខាង ដោយភាគីគ្រូបង្វឹក និងថ្នាក់ដឹកនាំក្លិបយល់ឃើញថា ការផ្លាស់ប្តូរនឹងផ្តល់ឱកាសល្អបំផុតក្នុងការស្តារលទ្ធផលរបស់ក្រុមឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍ Chelsea បានបញ្ជាក់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងសម្ងាត់មួយជាមួយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ពាក់ព័ន្ធនឹងសំណងដែលត្រូវបង់ឱ្យក្លិប។
គួរបញ្ជាក់ថាលោក Maresca ធ្លាប់ធ្វើជាជំនួយការរបស់ Pep Guardiola នៅ Manchester City ក្នុងរដូវកាល ២០២២-២៣ ដែលក្លិបបានឈ្នះពានរង្វាន់ធំៗចំនួនបី។
ជាមួយនឹងការផ្លាស់ប្តូរនេះ លោក Maresca ក៏បានសុំទោសអ្នកគាំទ្រ និងក្លិប Chelsea ចំពោះរបៀបដែលលោកបានចាកចេញពីក្រុមពាក់កណ្តាលរដូវកាល៕ អត្ថបទ៖នាង សុភាវុធ
