នគរបាលអាល្លឺម៉ង់និយាយថា មនុស្ស៦នាក់ត្រូវបានបាញ់សម្លាប់នៅមជ្ឈមណ្ឌលថែទាំម្តាយ និងកុមារ ដោយជនសង្ស័យជាបុរសម្នាក់ដែលស្ថិតក្នុងការឃុំឃាំងដោយសារជម្លោះជុំវិញកូនស្រីតូច របស់លោក។

ជនរងគ្រោះ ជាស្ត្រីបួននាក់ និងបុរសពីរនាក់ សុទ្ធតែជាបុគ្គលិកនៅមជ្ឈមណ្ឌលនេះនៅភាគខាងជើងទីក្រុង Stade ជិតមជ្ឈមណ្ឌលពាណិជ្ជកម្ម Hamburg។ មនុស្សមួយចំនួនទៀតក៏បានរងរបួសផងដែរ។
មន្ត្រីបាននិយាយថា ទារកអាយុបីខែ និងម្តាយរបស់នាង កំពុងនៅក្នុងការិយាល័យនៅពេលនោះ ប៉ុន្តែមិនមានរបួសអ្វីទេ។

មនុស្សបីនាក់រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបាននគរបាលឃាត់ខ្លួន ហើយមន្ត្រីបាននិយាយថា មិនមានការគំរាមកំហែងបន្ថែមទៀតដល់សាធារណជនទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Daniela Behrens បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីយប់ថ្ងៃច័ន្ទថា ការបាញ់ប្រហារនេះហាក់ដូចជាត្រូវបាន "ប្រព្រឹត្តឡើងដោយសារហេតុផលគ្រួសារ"។
លោកស្រីបានហៅហេតុការណ៍នេះថា អំពើហិង្សាដែលធ្វើឡើងតាមរបៀបឈាមត្រជាក់ ដោយគ្មានហេតុផលនយោបាយ ឬសេដ្ឋកិច្ច។

យោងតាមនគរបាលក្នុងតំបន់ ការបាញ់ប្រហារត្រូវបានរាយការណ៍ជាលើកដំបូងនៅម៉ោងប្រហែល ១២:១០នាទី ម៉ោងក្នុងស្រុក ដោយក្រោយមកបានបញ្ជាក់ថា "ឃាតកម្មដែលពាក់ព័ន្ធនឹងជនរងគ្រោះច្រើននាក់" បានកើតឡើងនៅ មណ្ឌលសុខុមាលភាពយុវជន Dankerstrasse ហើយបានប្រាប់សាធារណជនឱ្យជៀសវាងតំបន់នោះ។នគរបាលបាននិយាយថា ស្ត្រីមួយចំនួន និងបុរសម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងមណ្ឌលនោះ ហើយមនុស្សទី៦ ក្រោយមកបានស្លាប់ដោយសាររបួសនៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំងអស់គឺជាមនុស្សពេញវ័យ៕