តាមសេចក្តីការណ៍បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងអូម៉ង់ បានបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការរួមចក្រសមុទ្រ Hormuz ដោយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ភាគីទាំងពីរ បានផ្លាស់ប្ដូរទស្សនៈគ្នាលើការគ្រប់គ្រងនាពេលអនាគតនៃច្រកសមុទ្រនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា លោក Gharibabadi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា ទីក្រុងតេអេរ៉ង់ និងទីក្រុង Muscat បានឈានដល់ការយោគយល់គ្នា លើការគ្រប់គ្រងផ្លូវទឹកនេះ។ លោកបាននិយាយថា ប្រទេសអូម៉ង់ ក៏គាំទ្រការចូលរួមក្នុងការរៀបចំខណៈជារដ្ឋឆ្នេរសមុទ្រដែលមានសិទ្ធិដែនអធិបតេយ្យភាព ហើយជឿជាក់ថាការបង់ថ្លៃសេវាគួរតែត្រូវបានប្រមូលជាថ្នូរនឹងសេវាដែលត្រូវបានផ្ដល់ឲ្យ។

លោក Gharibabadi បាននិយាយថា គណៈកម្មាធិការបច្ចេកទេសនឹងត្រូវបានបង្កើតឡើងរវាងប្រទេសទាំងពីរ ដោយអ្នកជំនាញនឹងចាប់ផ្ដើមការពិភាក្សាជំនាញក្នុងរយៈពេលប្រាំពីរទៅប្រាំបីថ្ងៃ ដើម្បីរៀបចំឯកសារ និងចរចាផ្លូវដឹកជញ្ជូន។ អនាគតនៃច្រកសមុទ្រនេះ គឺជាចំណុចជាប់គាំងដ៏សំខាន់រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលទីក្រុងតេអេរ៉ង់ ទាមទារឲ្យបង់ថ្លៃសេវាថ្មីក្នុងការសម្របសម្រួលជាមួយប្រទេសអូម៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោនប្រឆាំងទៅនឹងការទាមទារឲ្យបង់ប្រាក់។
ជំហររបស់ប្រទេសអូម៉ង់នៅតែមិនច្បាស់លាស់។ កាលពីសប្តាហ៍មុន ប្រទេសទាំងពីរបាននិយាយរួមគ្នាថា ពួកគេកំពុងពិនិត្យមើលការចំណាយទាក់ទងនឹងការគ្រប់គ្រងច្រកសមុទ្រនេះ ប៉ុន្តែក្រោយមកប្រទេសអូម៉ង់បាននិយាយថា ពុំមានការបង់ថ្លៃសេវាក្នុងការឆ្លងកាត់ទេ ដោយបានប្រកាសពី «ច្រករបៀងសមុទ្របណ្តោះអាសន្ន» សម្របសម្រួលដោយអង្គការសហប្រជាជាតិនៅជិតឆ្នេរសមុទ្ររបស់ខ្លួន។