ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ថា ការយោគយល់ជាមួយសហរដ្ឋអាមេរិក គឺជាបញ្ហាទ្វេភាគី ហើយទីក្រុងតេអេរ៉ង់នឹង «បំពេញកាតព្វកិច្ចរបស់ខ្លួន» ប្រសិនបើទីក្រុងវ៉ាស៊ីនតោន គោរពតាមអនុស្សរណៈនៃការយោគយល់(MoU)។

លោក Pezeshkian បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះអ្វីដែលលោកហៅថា «ការអួតអាងមិនសមហេតុផល និងការគំរាមកំហែងគ្មានមូលដ្ឋាន» គឺត្រូវអាស្រ័យលើ «ភាពសមហេតុផល និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងការសម្រេចចិត្ត» ខណៈធ្វើសកម្មភាពដោយ «ការការពារដ៏ម៉ឺងម៉ាត់ និងមិនព្រួយបារម្ភ» នៅពេលចាំបាច់។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី១៧ ខែមិថុនា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណងបញ្ចប់ជម្លោះ។ ក្រោមឯកសារនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ឈប់អរិភាព និងបើកឡើងវិញច្រកសមុទ្រ Hormuz ។ ក្រុមអ្នកចរចាអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្ថិតនៅក្នុងទីក្រុងដូហា ក្នុងសប្តាហ៍នេះ ប៉ុន្តែអ៊ីរ៉ង់បាននិយាយថា គ្មានជំនួបណាមួយត្រូវបានគ្រោងទុកនោះទេ ខណៈការបាញ់មីស៊ីលកាលពីថ្ងៃចុងសប្តាហ៍ពីភាគីទាំងពីរ បានសាកល្បងបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនខែមកនេះ។
