រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) បានព្រមានថា អ៊ីស្រាអែលអាចនឹងផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាងឆាប់បំផុត នៅ «ថ្ងៃស្អែក» ដោយការនិយាយនេះ កើតមានស្របពេលដែលភាពតានតឹងក្នុងតំបន់ កើនឡើង។

អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មានយោធា និងការទូត លោក Katz បាននិយាយថា អ៊ីស្រាអែលកំពុងតាមដានយ៉ាងដិតដល់នូវសភាពការណ៍វិវត្តន៍ និងត្រៀមខ្លួនយ៉ាងពេញលេញ សម្រាប់ការកើនឡើងនូវភាពតានតឹងយ៉ាងឆាប់រហ័ស។ លោកបានព្រមានថា ការវាយប្រហារដោយមីស៊ីលណាមួយរបស់អ៊ីរ៉ង់ នឹងបង្កឱ្យមានការឆ្លើយតបភ្លាមៗ និងខ្លាំងក្លារបស់អ៊ីស្រាអែល ដោយហៅវាថា ជាបន្ទាត់ក្រហមច្បាស់លាស់ ដែលក៏ត្រូវបានទាក់ទងផងដែរទៅកាន់មន្ត្រីអាមេរិក។

លោក Katz បានបញ្ជាក់ទៀតថា យោធាអ៊ីស្រាអែលកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយមានផែនការប្រតិបត្តិការរួចរាល់ និងគោលដៅ នាពេលខាងមុខ ត្រូវបានកំណត់រួចហើយ។ លោកបានបន្ថែមថា លោកបានណែនាំយោធាឱ្យត្រៀមខ្លួន សម្រាប់ប្រតិបត្តិការ «ពណ៌ខៀវ និងពណ៌ស» របស់អ៊ីស្រាអែល នៅខាងក្នុងដែនដីអ៊ីរ៉ង់ តែមិនបានពន្យល់លម្អិតបន្ថែម។
ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា កងកម្លាំងអ៊ីស្រាអែល នឹងមិនដកចេញឡើយ ពី «តំបន់សន្តិសុខ» ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រទេសលីបង់ ស៊ីរី ឬតំបន់ហ្កាហ្សា ទោះបីជាមានកិច្ចប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ក៏ដោយ។
គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក Katz បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានវាយប្រហារតបតគ្នាថ្មី កាលពីចុងសប្តាហ៍ ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាថ្មីៗនេះក្ដី។ កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចប់ជម្លោះ នៅគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ ក៏ដូចជាបន្តការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ៕

