សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបញ្ជូនសញ្ញាដ៏ច្របូកច្របល់ជាថ្មីម្តងទៀតអំពីស្ថានភាពនៃការចរចារបស់ភាគីទាំងពីរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា កិច្ចប្រជុំមួយនឹងត្រូវធ្វើឡើងនៅទីក្រុងដូហានៅថ្ងៃអង្គារនេះ។ ប៉ុន្តែភាគីអ៊ីរ៉ង់ បានច្រានចោលរឿងនេះ ដោយនិយាយថា គ្មានកិច្ចចរចាណាមួយត្រូវបានគ្រោងទុកនៅក្នុងរដ្ឋធានីប្រទេសកាតា ទេ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់បណ្តាញទូរទស្សន៍ Fox News Channel អំពីផែនការរបស់សហរដ្ឋអាមេរិក។ លោកស្រីបាននិយាយថា បេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff និងកូនប្រសារ លោក Jared Kushner នឹងចូលរួមកិច្ចប្រជុំកម្រិតខ្ពស់នេះ នៅទីក្រុងដូហា។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់នឹងបញ្ជូនគណៈប្រតិភូបច្ចេកទេសទៅកាន់ទីក្រុងដូហានៅសប្តាហ៍នេះ។ ប៉ុន្តែលោកបាននិយាយថា នឹងពុំមានកិច្ចប្រជុំចរចាណាមួយ «នៅក្នុងកម្រិតណាមួយឡើយ» ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទេ។ លោកបាននិយាយថា ដំណើរទស្សនកិច្ចរបស់តំណាងសហរដ្ឋអាមេរិក និងគណៈប្រតិភូអ៊ីរ៉ង់ គឺ «មិនទាក់ទងគ្នាទេ»។