ភ្នំពេញ៖ ជាការបង្កភាពងាយស្រួលក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អាជ្ញាធរខណ្ឌ ដង្កោ និងក្រុមគ្រូពេទ្យបាននឹងកំពុងដឹកនាំក្រុមការងារ ចុះចាក់វ៉ាក់សាំងជូនកម្មករសំណង់ ទាំងយប់ នៅតាមរាល់ការដ្ឋានសំណង់ទាំងអស់ក្នុងភូមិសាស្រ្តខណ្ឌរបស់ខ្លួន។
អាជ្ញាធរខណ្ឌដង្កោ និងក្រុមគ្រូពេទ្យជាច្រើនក្រុមកំពុងបន្តសកម្មភាពយ៉ាងសកម្មក្នុងការ ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់រូប។ មួយរយៈមកនេះ ក្រៅពីការចុះចាក់វ៉ាក់សាំងនៅតាមរោងចក្រ និងតាមទីផ្សារ អាជ្ញាធរខណ្ឌ និងក្រុមគ្រូពេទ្យក៏បាននាំយកវ៉ាក់សាំង ដើម្បីចាក់ជូនកម្មករសំណង់និងក្រុមគ្រួសារ នៅតាមការដ្ឋានសំណង់ទាំងអស់ក្នុងភូមិសាស្រ្តរបស់ខ្លួនផងដែរ។
ការចាក់ជូនកម្មករសំណង់នៅតាមការដ្ឋានសំណង់នេះ ធ្វើឡើងជារៀងរាល់យប់ ក្រោយពីកម្មករបញ្ចប់ការងារប្រចាំថ្ងៃរបស់ខ្លួន។
ជាក់ស្ដែងថ្ងៃទី ២៨ ខែមេសាម្សិលម៉ិញនេះ អាជ្ញាធរខណ្ឌ និងក្រុមគ្រូពេទ្យបានចុះចាក់វ៉ាក់សាំងជូនកម្មករសំណង់ នៅការដ្ឋានសំណង់ចំនួន ៣ផ្សេងគ្នា ដោយមានវត្តមានអ្នកមកទទួលការចាក់វ៉ាក់សាំងជាច្រើនរយនាក់។
តាមការបញ្ជាក់របស់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លើកឡើងថា គិតចាប់ពីពេលការចុះចាក់វ៉ាក់សាំងនៅតាមទីតាំងដោយផ្ទាល់ របស់ក្រុមគ្រូពេទ្យជាច្រើននៅទីតាំងផ្សេងគ្នាមកនេះ គឺសម្រេចការចាក់បានប្រមាណជិត ១ម៉ឺននាក់។
ចំពោះកម្មករសំណង់ទាំងប្រុសស្រី ដែលទទួលការចាក់វ៉ាក់សាំងក្នុងទីតាំងការដ្ឋានសំណង់របស់ខ្លួនលើកឡើងជាភាពសប្បាយចិត្ត ដែលទទួលបានការយកចិត្តទុកដាក់ និងមានការសម្រួលចុះមកចាក់វ៉ាក់សាំងដល់ទីតាំងធ្វើការដោយផ្ទាល់។
បច្ចុប្បន្ននេះ ទីតាំងចាក់វ៉ាក់សាំងមានកាន់តែច្រើនដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងក្រុមគ្រូពេទ្យ បានចុះចាក់វ៉ាក់សាំងដោយផ្ទាល់ នៅតាមរោងចក្រ ទីប្រជុំជន ទីផ្សារ សាលារៀន និងការស្ពាយវ៉ាក់សាំងចុះចាក់ដល់តាមខ្នងផ្ទះ។ ជាការវិវត្តិថ្មីពាក់ព័ន្ធនឹង ជំងឺរាតត្បាតកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដកចេញកាតព្វកិច្ចពាក់ម៉ាសទូទាំងប្រទេស នៅទីតាំងបើកចំហរផងដែរ៕ អត្ថបទ៖ គឹមហុក