នគរបាលសហព័ន្ធអូស្ត្រាលីបានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃមួយរូប ត្រូវបានចោទប្រកាន់ពីបទនាំចូលគ្រឿងញៀនជាង ១គីឡូក្រាម ចូលក្នុងទឹកដីរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់ទុកក្នុងកាបូបកាន់ដៃ។
នគរបាលបានបញ្ជាក់ថា នារីអាយុ ២៦ឆ្នាំរូបនេះ ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ គឺ Thai Airways បានប្រាប់ថា កំពុងធ្វើការជាអ្នកបម្រើលើយន្តហោះ នៅពេលដែលរូបនាងទៅដល់អាកាសយានដ្ឋានមែលប៊ន (Melbourne Airport) កាលពីថ្ងៃទី២៥ ខែមិថុនា មានកាបូបកាន់ដៃចំនួន ១២ ត្រូវបានត្រួតពិនិត្យដោយមន្ត្រីព្រំដែន។

គ្រឿងញៀន ដែលត្រូវបានរកឃើញលាក់ទុកនៅក្នុងកាបូបទាំងនោះ ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ ៥០០.០០០ដុល្លារអូស្ត្រាលី (ប្រមាណ ៣៤៤.០០០ដុល្លារអាមេរិក)។
នារីរូបនេះប្រឈមនឹងបទចោទការនាំចូល ១ករណី និង ១ករណីទៀតពីបទកាន់កាប់គ្រឿងញៀនដែលគ្រប់គ្រងដោយព្រំដែន ក្នុងបរិមាណដែលអាចលក់បាន។ ការចោទប្រកាន់ករណីនីមួយៗ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារអតិបរមា ២៥ឆ្នាំ។ រូបនាងត្រូវបានឃុំខ្លួនកាលពីថ្ងៃទី២៦ ខែមិថុនា ហើយត្រូវចូលបង្ហាញខ្លួន នៅចំពោះមុខតុលាការ Melbourne Magistrates’ Court នៅថ្ងៃទី១៤ ខែកញ្ញា៕

