ភ្នំពេញ៖ លោកបណ្ឌិត អាំង ជូលាន នរវិទូជនជាតិខ្មែរដ៏ពូកែ និងលេចធ្លោមួយរូប ត្រូវបានរដ្ឋាភិបាលជប៉ុន សម្រេចផ្ដល់គ្រឿងឥស្សរិយយសជូនសម្រាប់និទាឃរដូវឆ្នាំ២០២២ ដែលគ្រឿងឥស្សរិយយសនោះមានឈ្មោះថា “The Order of the Rising Sun, Gold Rays with Neck Ribbon” ។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញផ្សាយពីព័ត៌មានដ៏គួរឱ្យអបអរសាទរនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងហេតុផលដែល បញ្ញាវន្តខ្មែរខ្មែររូបនេះសមនឹងទទួលបានការគោរព និងឱ្យតម្លៃដោយសារលោកបណ្ឌិត អាំង ជូលាន ជាបុគ្គលឆ្នើមមួយរូបដែលបានរួមចំណែកក្នុងកិច្ចការសាធារណៈ និងសមិទ្ធផលដ៏លេចធ្លោក្នុងកិច្ចការស្រាវជ្រាវ ព្រមទាំងវិស័យអភិរក្ស និងជួសជុលទីតាំងបុរាណវិទ្យានានា។
គួរជម្រាបជូនដែរថា លោកបណ្ឌិត អាំង ជូលាន ក៏ធ្លាប់បានទួលបានពានរង្វាន់ឆ្នើម ហ៊្វូគូអូកា Fukuoka Prize ពីប្រទេសជប៉ុន កាលពីឆ្នាំ២០១១ ដោយសារសមិទ្ធផលការងាររបស់លោកក្នុងនាមជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា និងវប្បធម៌ខ្មែរ។
លោកបណ្ឌិត អាំង ជូលាន ជានរវិទូខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនរវិទ្យាពីប្រទេសបារាំង នៅឆ្នាំ១៩៨២។ លោកសាស្ត្រាចារ្យ កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៩ នៅកំពង់ឃ្លាំង ខេត្តសៀមរាប។
លោកបណ្ឌិតក៏ជាជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអតីតប្រធាននាយកដ្ឋានវប្បធម៌នៃអាជ្ញាធរជាតិអប្សរាផងដែរ៕ ដោយ៖ ចេន សុជាតា
