មន្ត្រីមូលដ្ឋានមួយរូបបានឱ្យដឹងថា នគរបាល នៅរដ្ឋ Monaco និងប្រទេសជិតខាងបារាំង កំពុងតាមស្វែងរកបុរសម្នាក់ ដែលត្រូវបានសង្ស័យថា បានបំផ្ទុះគ្រាប់បែកកែច្នៃ នៅភាគកណ្តាលនៃដែនដីតំបន់មេឌីទែរ៉ាណេមួយនេះ កាលថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) ជាហេតុការណ៍ដែលបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស។
លោក Christophe Mirmand រដ្ឋមន្ត្រីរបស់រដ្ឋ Monaco បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BFM TV ថា ជនរងគ្រោះ ២នាក់ បានរងរបួសគំរាមកំហែងដល់ជីវិត។ ចំណែកក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងថា សេវាសង្គ្រោះបន្ទាន់បារាំងត្រូវបានដាក់បញ្ជូនទៅកន្លែងកើតហេតុ ដើម្បីផ្តល់ជំនួយ ហើយប្រតិបត្តិការនគរបាលរួមគ្នា កំពុងដំណើរការ ដើម្បីតាមរកជនរត់គេចខ្លួន។
លោក Mirmand បានប្រាប់បណ្ដាញព័ត៌មានបារាំងថា «មិនធ្លាប់មានហេតុការណ៍បែបនេះកើតឡើងនៅក្នុងតំបន់នេះពីមុនមកទេ»។
ការផ្ទុះនេះបានកើតឡើងមុនម៉ោង ៩យប់ (ម៉ោងក្នុងស្រុក) នៅភាគកណ្តាលរដ្ឋ Monaco។ សារព័ត៌មានបារាំង Le Figaro បានចុះផ្សាយថា រូបភាពវីដេអូឃ្លាំមើល បានបង្ហាញឲ្យឃើញពីបុរសម្នាក់ទម្លាក់កាបូបស្ពាយ នៅច្រកចូលអគារលំនៅឋានមួយកន្លែង មុនពេលមានការផ្ទុះឡើង៕

