ធនាគារពិភពលោក (WB) បានឱ្យដឹងកាលពីថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) ថា ខ្លួននឹង «ទម្លាក់ចោល» គោលដៅពីមុនរបស់ខ្លួន ក្នុងការលៃទុកធនធាន ដើម្បីផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំចំនួន ៤៥ភាគរយដល់គម្រោងដែលផ្ដល់អត្ថប្រយោជន៍រួម ទាក់ទងនឹងអាកាសធាតុ ប៉ុន្តែនឹងពង្រីកផែនការសកម្មភាពបម្រែបម្រួលអាកាសធាតុរយៈពេលយូររបស់ខ្លួន ដែលគ្រោងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនានេះ។
ធនាគារអភិវឌ្ឍន៍មួយនេះ ដែលស្ថិតនៅក្រោមសម្ពាធពីរដ្ឋបាលលោកប្រធានធិបតី Donald Trump ឱ្យបោះបង់ចោលគោលដៅផ្តល់ប្រាក់កម្ចីពាក់ព័ន្ធនឹងអាកាសធាតុ ដែលត្រូវបានអនុម័តអំឡុងរដ្ឋបាលរបស់លោក Joe Biden ក្នុងឆ្នាំ២០២៣ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបញ្ចប់ទាំងស្រុងនូវការប្តូរទៅផ្តោតលើលទ្ធផលផ្តល់ប្រាក់កម្ចី ជាជាងគោលដៅដាក់បញ្ចូល។
ប្រមុខធនាគារពិភពលោក លោក Ajay Banga ដែលដំបូងឡើយត្រូវបានប្រគល់ភារកិច្ចឲ្យបង្កើនធនធានផ្តល់ប្រាក់កម្ចីអាកាសធាតុបន្ថែមទៀតពីតារាងតុល្យការរបស់ធនាគារ បានប្តូរការផ្តោតរបស់លោកទៅ «ការអភិវឌ្ឍឆ្លាតវៃ» ដែលមានគោលបំណងជំរុញឱកាសការងារ ខណៈពេលដែលនៅតែផ្តល់អត្ថប្រយោជន៍ទាក់ទងនឹងអាកាសធាតុ ដូចជាកសិកម្មធន់នឹងគ្រោះរាំងស្ងួត ឬហេដ្ឋារចនាសម្ព័ន្ធធន់នឹងព្យុះ និងថាមពលកកើតឡើងវិញដែលសមស្រប។
ធនាគារពិភពលោក បានបន្ថែមថា តាមសំណើរបស់ក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់ស្ថាប័ន ក្រុមវាយតម្លៃឯករាជ្យរបស់ស្ថាប័នផ្តល់ប្រាក់កម្ចីមួយនេះ នឹងធ្វើការពិនិត្យឡើងវិញនូវផែនការសកម្មភាពបម្រែបម្រួលអាកាសធាតុ (CCAP) ដោយគ្រោងការនេះត្រូវបានអនុម័តជាលើកដំបូងនៅក្នុងផែនការ ៥ឆ្នាំដែលមានការកែសម្រួលជាប់រហូត ក្នុងឆ្នាំ២០១៦៕

