រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសអឺរ៉ុបខាងជើងចំនួន ៤ នាសប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកាំងកំពុងស្វែងរកការចូលរួមនយោបាយកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់នេះ ស្របពេលមានការប្រែប្រួលនៃសក្ដានុភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។
អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បាននិយាយនៅថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) នេះថា លោក Wang Yi នឹងបំពេញទស្សនកិច្ចនៅដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ និងន័រវ៉ែស នៅថ្ងៃទី ២-៨ ខែកក្កដា តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងនោះ។

លោក Guo បានឲ្យដឹងទៀតថា ប្រទេសទាំង ៤នេះ គឺជាស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបដំបូងគេ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន និងបង្កើតទំនាក់ទំនងការទូត ដែលផ្តល់ឱ្យភាគីទាំង២ នូវ «ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនៃចំណងមិត្តភាព»។
លោកបានបន្ថែមថា ទំនាក់ទំនងជាមួយប្រទេសទាំងនេះ បានអភិវឌ្ឍជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកិច្ចសហប្រតិបត្តិការបានពង្រីកក្នុងផ្នែកការផ្លាស់ប្តូរបៃតង ពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភាគីទាំង២ ក៏មានការឯកភាពគ្នាយ៉ាងទូលំទូលាយ លើការគាំទ្រពហុភាគីនិយម ពាណិជ្ជកម្មសេរី និងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច នៅប្រទេសទាំងនេះ លោក Wang នឹងធ្វើកិច្ចពិភាក្សាជាមួយសមភាគីរបស់លោក ស្ដីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕
