យោងតាមការវាយតម្លៃបឋមពីទិន្នន័យផ្កាយរណប ដែលត្រូវចេញផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា រញ្ជួយដីដ៏ខ្លាំងក្លាចំនួន២ ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីសប្តាហ៍មុន បានបង្កការខូចខាត ឬបំផ្លាញអគារជាង ៥៨.០០០ខ្នង។
មនុស្សប្រហែល ១.៧០០នាក់ បានបាត់បង់ជីវិត និងរាប់ពាន់នាក់នៅតែបាត់ខ្លួន បន្ទាប់ពីមានរញ្ជួយដី ៧,២ និង ៧,៥ រ៉ិចទ័រ ជាកម្រិតខ្លាំងបំផុតដែលបានវាយប្រហារប្រទេសតំបន់អាមេរិកខាងត្បូងជាលើកដំបូង ក្នុងរយៈពេលជាង ១សតវត្សរ៍។
ដោយផ្អែកលើទិន្នន័យរ៉ាដាផ្កាយរណបដែលប្រមូលបាននៅថ្ងៃទី២៥ ខែមិថុនា មួយថ្ងៃបន្ទាប់ពីមានរញ្ជួយដី អ្នកស្រាវជ្រាវ លោក Corey Scher និងលោក Jamon Van Den Hoek មកពីសាកលវិទ្យាល័យរដ្ឋ Oregon បានឱ្យដឹងថា៖ «អគារប្រហែល ៥៨.៨៧០ខ្នង ទំនងជារងការខូចខាត ឬបំផ្លាញ នៅទូទាំងតំបន់ដែលរងផលប៉ះពាល់»។
អ្នកទាំង២ បានដកស្រង់ទិន្នន័យពីផ្កាយរណបរូបភាពរ៉ាដាដែលមានគុណភាពរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប Sentinel-1។
ចំណែកលោក Jorge Rodriguez ប្រធានរដ្ឋសភាវ៉េណេហ្ស៊ុយអេឡា បានរាយការណ៍កាលពីថ្ងៃចន្ទថា អគារចំនួន ៨៥៥ខ្នង បានរងខូចខាត ក្នុងនោះរួមទាំង «អគារដួលរលំសរុប ១៨៩ខ្នង» ផងដែរ។
អង្គការ NASA បានឲ្យដឹងថា ផ្កាយរណបរបស់ខ្លួន កំពុង «ផ្តល់ការគាំទ្រសំខាន់ ចាប់យករូបភាព និងទិន្នន័យ ដើម្បីជួយក្រុមនៅនឹងកន្លែងវាយតម្លៃផលប៉ះពាល់ និងណែនាំកិច្ចប្រឹងប្រែងឆ្លើយតប»៕