ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UN) បានព្រមាននៅថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) នេះថា ខណៈពេលដែលការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងនាំមកនូវការធូរស្បើយភ្លាមៗ ចំពោះទីផ្សារថាមពល សេដ្ឋកិច្ចដែលងាយរងគ្រោះ នៅតែស្ថិតក្នុងហានិភ័យ ដោយសារការកើនឡើងរយៈពេលយូរ សម្រាប់ការចំណាយលើតម្លៃអាហារ និងប្រេងឥន្ធនៈ។
សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយថា ប្រព័ន្ធអាហារ និងដឹកជញ្ជូន ទំនងជាចំណាយពេលយូរជាងទីផ្សារថាមពល ដើម្បីងើបឡើងវិញ ខណៈដែលខ្សែច្រវាក់ផ្គត់ផ្គង់ដែលរងផលប៉ះពាល់ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីកំណត់ឡើងវិញ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរជាង ១០០ថ្ងៃ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកយុទ្ធសាស្ត្រនេះ។
ច្រកសមុទ្រនេះ ដែលជាធម្មតាដឹកជញ្ជូនប្រហែល ១ភាគ៥ នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកល ត្រូវបានរារាំងយ៉ាងមានប្រសិទ្ធភាព អំឡុងជម្លោះបង្កឡើងដោយការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។
UNCTAD បានឱ្យដឹងបន្តថា ទោះបីជាប្រេងឆៅ Brent បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹមតម្លៃប្រហែល ៧៣ដុល្លារ ក្នុងមួយបារ៉ែល ជិតដល់កម្រិតមុនជម្លោះ បន្ទាប់ពីកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ក៏ចំណាយខ្ពស់លើប្រេងឥន្ធនៈ ឧស្ម័ន និងជី អាចបន្តប៉ះពាល់បន្តិចម្ដងៗដល់ផលិតកម្មកសិកម្ម ថ្លៃដើមដឹកជញ្ជូន និងថវិកាគ្រួសារ។
បណ្ដាប្រទេសមានសេដ្ឋកិច្ចងាយរងគ្រោះ នៅតែប្រឈមនឹងការប៉ះពាល់ជាពិសេស ដោយសារវិបត្តិតម្លៃប្រេង និងជី ខណៈដែលតម្លៃអាហារឡើងខ្ពស់ជាលំដាប់ អាចដាក់សម្ពាធបន្ថែមទៀត លើគ្រួសារក្រីក្រ។ UNCTAD បានបន្ថែមថា ការកើនឡើង ៥ភាគរយនៃតម្លៃអាហារ អាចបង្កើនហានិភ័យធ្វើឲ្យកុមារខ្វះអាហារូបបត្ថម្ភធ្ងន់ធ្ងរ៕