ក្រសួងការបរទេស នៅទីក្រុងតូក្យូ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នឹងបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Narendra Modi ដោយផ្តោតលើការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងដៃគូអាស៊ីទាំង២។
ការធ្វើដំណើរនេះកើតឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក Modi នៅទីក្រុងតូក្យូ ក្នុងឆ្នាំ២០២៥ នៅពេលដែលប្រទេសជប៉ុនបានសន្យាថា នឹងបង្កើនការវិនិយោគរបស់ខ្លួនទ្វេដង នៅឥណ្ឌា ឲ្យដល់ជាង ៦១ពាន់លានដុល្លារ ក្នុងរយៈពេល ១ទសវត្សរ៍ខាងមុខ ដោយបានបញ្ជាក់ពីការធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។
ជាមួយគ្នានេះ មេដឹកនាំទាំង២ នឹងរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី១៦ រវាងឥណ្ឌា និងជប៉ុន ជាយន្តការមួយដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ជួបប្រជុំដោយឆ្លាស់គ្នា ពោលគឺប្ដូរគ្នារៀបចំនៅក្នុងប្រទេសរបស់ខ្លួន។
កិច្ចប្រជុំកំពូលនេះ នឹងពិនិត្យមើលវឌ្ឍនភាព នៅទូទាំងពាណិជ្ជកម្ម បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ខណៈពេលដែលក៏ដោះស្រាយបញ្ហា ក្នុងតំបន់ និងសកលផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន។
ប្រភពមួយរូបពីឥណ្ឌា បានឱ្យដឹងថា លោក Modi និងលោកស្រី Takaichi ក៏នឹងចូលរួមព្រឹត្តិការណ៍អាជីវកម្មជាមួយនាយកប្រតិបត្តិមកពីប្រទេសទាំង២ ផងដែរ។ ហើយមេដឹកនាំទាំង២ ក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងកិច្ចប្រឹងប្រែង ដើម្បីជំរុញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ៕