មន្ត្រីបាននិយាយថា ការបាក់រលំដំបូលនៅមជ្ឈមណ្ឌសិក្សាមួយកន្លែងក្នុងទីក្រុង Lahore ភាគខាងកើតប្រទេសប៉ាគីស្ថានបានបណ្តាលឲ្យកុមារយ៉ាងហោចណាស់ ១៤ នាក់ស្លាប់ និងរងរបួស ៥ នាក់កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា។ សាក្សីបានប្រាប់សារព័ត៌មាន AFP ថា កម្មករកំពុងជួសជុលក្បឿងដំបូលនៅលើអគារទ្រុឌទ្រោម នៅពេលនោះដំបូលបានបាក់ ហើយបានធ្លាក់លើកុមារតូចៗ។

សារព័ត៌មាន AFP បានមើលឃើញសាច់ញាតិកំពុងសោកសៅ ខណៈទៅប្រមូលផ្តុំគ្នានៅជុំវិញសាកសពជនរងគ្រោះជាកុមារដែលគ្របដណ្ដប់ក្រណាត់ស។ អ្នកនាំពាក្យអង្គភាពសេវាសង្គ្រោះបន្ទាន់ បាននិយាយដោយសំដៅទៅលើតំបន់មួយនៅភាគខាងត្បូងទីក្រុងធំទីពីររបស់ប្រទេសប៉ាគីស្ថានថា «ការបាក់រលំដំបូល បានឆក់យកជីវិតកុមារ ១៤ នាក់ ខណៈ ៥ នាក់ផ្សេងទៀតបានរងរបួស»។

មន្ត្រីស៊ីវិលជាន់ខ្ពស់របស់ទីក្រុង លោកស្រី Marryam Khan បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងបាននិយាយថា គ្រូបង្រៀនម្នាក់ក៏បានរងរបួសផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយ Geo News បានផ្សាយរូបភាពរបស់អ្នកជួយសង្គ្រោះ និងជនស៊ីវិលស្លៀកពាក់ឯកសណ្ឋាន ដោយប្រើប្រាស់ប៉ែលដើម្បីជីកគាស់កម្ទេចកម្ទីនៅក្នុងអគារដែលបានបាក់រលំដោយផ្នែក។
បុរសម្នាក់និយាយថា «ដំបូលអគារស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម» ហើយការងារជួសជុលកំពុងត្រូវបានអនុវត្តលើក្បឿងដំបូលខណៈកុមារកំពុងសិក្សា ភ្លាមៗនោះដំបូលបានបាក់រលំលើកុមារមួយចំនួន»។ លោកនិយាយថា «ពួកគេ បានដាក់ទម្ងន់ច្រើននៅលើដំបូល នោះហើយជាមូលហេតុដែលបានបណ្តាលឲ្យហេតុការណ៍បានកើតឡើង»។