អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ៣០ មិថុនា សប្ដាហ៍នេះ ថា ការផ្ទុះឡើងនៃជំងឺអេបូឡាអាចធ្វើឱ្យទ្វីបអាហ្វ្រិកខាតបង់រហូតដល់ ៣,៦ ពាន់លានដុល្លារ និងការងាររាប់សែនកន្លែង ដែលអាចបង្កឱ្យមានវិបត្តិអភិវឌ្ឍន៍។

រដ្ឋាភិបាលនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡាប្រភេទ Bundibugyo ដែលមិនមានវ៉ាក់សាំង ឬការព្យាបាលត្រូវបានធ្វើតេស្ត បានឆ្លងដល់មនុស្ស ១.៣០៧ នាក់ និងបានសម្លាប់មនុស្ស ៣៧៧ នាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចាប់តាំងពីត្រូវបានប្រកាសនៅថ្ងៃទី ១៥ ខែឧសភា២០២៦ នេះ ។
ករណីមួយចំនួនតូចជាងនេះត្រូវបានរាយការណ៍នៅក្នុងប្រទេសអ៊ូហ្គង់ដា ហើយក្រុមអ្នកជំនាញបានព្រមានអំពីលទ្ធភាពនៃការរីករាលដាលរបស់ជំងឺនេះទៅកាន់ប្រទេសជិតខាងផ្សេងទៀត ដូចជាស៊ូដង់ខាងត្បូងជាដើម។
លោក Damien Mama តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកុងហ្គោបានលើកឡើងថា ប្រសិនបើពួកលោកមានធនធាន ហើយពួកលោកបង្កើនសកម្មភាព ពួកលោកអាចទប់ស្កាត់ការផ្ទុះឡើងនេះ និងទប់ស្កាត់ការខាតបង់បន្ថែមទៀតបាន។
ប្រសិនពួកលោកមិនធ្វើទេ ភាពអាសន្នផ្នែកសុខភាពនេះប្រឈមនឹងហានិភ័យនៃការក្លាយជាវិបត្តិអភិវឌ្ឍន៍កាន់តែជ្រៅ និងអូសបន្លាយជាងនេះនៅទូទាំងតំបន់ និងអាចទូទាំងទ្វីបនេះ៕

