ក្លិបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានប្រកាសចុះកិច្ចសន្យារយៈពេលវែងជាមួយកីឡាករវ័យក្មេង ៣រូប រួមមាន ខន ណារ៉ង់, នី សុខរី និងកីឡាករ សុន ថាវិស៊ីវ ដែលបង្ហាញពីចក្ខុវិស័យ និងយុទ្ធសាស្ដ្រច្បាស់លាស់មួយក្នុងការកសាងគ្រឹះក្រុមប្រកបដោយនិរន្ដរភាព និងប្រសិទ្ធភាព សម្រាប់ការប្រកួតប្រជែងនារដូវកាលបន្ដបន្ទាប់។
ការនាំចូលកីឡាករវ័យក្មេងទាំង ៣រូប ត្រូវបានអ្នកគាំទ្រមើលឃើញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្លិប ដែលកំពុងមានការប្រកួតប្រជែងខ្ពស់មួយនេះ ដ្បិតពួកគេ សុទ្ធសឹងជាកីឡាករធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាល និងលេងឲ្យក្លិបធំៗ ជាក់ស្ដែង ខន ណារ៉ង់ ជាយុវជនដ៏លេចធ្លោរនៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, នី សុខរី ជាកីឡាករវ័យក្មេងមានបទពិសោធន៍ក្រាសក្រែលជាមួយព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ និង សុន ថាវិស៊ីវ ដែលផ្ទេរមកពីក្លិប ISI ដង្កោសែនជ័យ។
យោងតាមក្រុម Top-6 នៃលីគកំពូលកម្ពុជា រដូវកាលចាស់នេះ បានបញ្ជាក់ច្បាស់ៗថា កីឡាករវ័យក្មេងទាំង ៣រូប នឹងត្រូវលេងឲ្យក្លិប អឹមអូអាយ កំពង់ដេវ៉ា យ៉ាងហោច ៣រដូវកាល ពោលគឺចាប់ពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៩។ នេះគឺជាសមាជិកថ្មី ៣រូបដំបូង ដែលក្លិបមានមូលដ្ឋាននៅខេត្តព្រះសីហនុ បានប្រកាសនាំចូល ក្រោយការបន្ដកុងត្រាជាមួយអ្នកចាំទី Wagner Augusto និងខ្ចីជើងខ្សែបម្រើសញ្ជាតិខ្មែរ មៀហ្សៃយែវ អាលីហ្សែរ ពីវិសាខា សម្រាប់ត្រៀមរដូវកាលថ្មី។
ដោយឡែកចំពោះទំហំនៃការរុះរើក្រុមកម្រិតណា អឹមអូអាយ កំពង់ដេវ៉ា នៅមិនទាន់បង្ហាញច្បាស់ឡើយ ទោះបីមានព័ត៌មានចរចាមអារ៉ាមអំពីការចាកចេញរបស់កីឡាករមួយចំនួន ពិសេសកីឡាករបរទេសក៏ដោយ តែក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ ពួកគេទើបចែកផ្លូវជាមួយកីឡាករកូនកាត់ខ្មែរ/បារាំង លូកាស អាតធ័រ ម្នាក់ប៉ុណ្ណោះ។
គួរដឹងថា ទន្ទឹមជាមួយការបន្ដកុងត្រា និងនាំចូលកីឡាករថ្មីៗជាបន្ដបន្ទាប់នេះដែរ ក្លិប អឹមអូអាយ កំពង់ដេវ៉ា ក៏បានប្រកាសបន្ដកុងត្រាជាមួយគ្រូបង្គោលលោក Alex Dorado ព្រមទាំងបាននាំចូលលោក ទុំ សារ៉ា ជាគ្រូជំនួយសម្រាប់រដូវកាលថ្មីផងដែរ៕ អត្ថបទ លី ឈុនឡា








