ក្រុមបាល់ទាត់នារី ស.ស.យ.ក ស្រុករមាសហែក និងក្រុមបាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំ នៃក្លិបព្រះខ័នរាជស្វាយរៀង បានរក្សាភាពខ្លាំង ក្រោយយកឈ្នះ ៤ប្រកួតជាប់គ្នា ឈរលំដាប់កំពូលតារាង មាន ១២ពិន្ទុស្មើគ្នា គ្រាដែលក្រុម CRS Sports បានធ្លាក់ទៅឈរលេខ៣ ក្រោយរងបរាជ័យ ២ប្រកួតផ្ទួនៗ។
សម្រាប់លទ្ធផលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៥ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុម ស.ស.យ.ក ស្រុករមាសហែក បានយកឈ្នះក្រុមវិទ្យាល័យព្រះពន្លា ដោយលទ្ធផល ៧-០ ខណៈក្រុមកីឡាការិនី U16 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម CRS Sports ដោយលទ្ធផល ៤-០ ស្របពេលក្រុម ស.ស.យ.ក ស្រុកស្វាយទាប បានយកឈ្នះក្រុម 2Brother ដោយលទ្ធផល ៣-១ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។
ជាមួយជ័យជម្នះរបស់ក្រុម ស.ស.យ.ក ស្រុករមាសហែក និងក្រុមកីឡាការិនីវ័យក្មេងព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យក្រុមទាំងពីរ រកបាន ១២ពិន្ទុស្មើគ្នា ឈរលេខ១ និងលេខ២ បណ្ដោះអាសន្ន ដែលបានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយមុនគេ ទោះបីក្រុមទាំងពីរ នៅសល់ ២ប្រកួតក្នុងដៃទៀតក្ដី។ រីឯក្រុមកំពុងឈរលេខ៣ CRS Sports ក៏នៅតែមានសង្ឃឹមឡើងវគ្គបន្ដ ដ្បិតពួកគេរកបាន ៩ពិន្ទុ និងសល់ ១ប្រកួតក្នុងដៃ កំពុងមានប្រៀបលើក្រុម ស.ស.យ.ក ស្រុកស្វាយទាប ទើបរកបាន ៦ពិន្ទុ ឈរលេខ៤។
ចំណែក ៣ក្រុមទៀត ក៏នៅសល់ឱកាសស្ដួចស្ដើងរៀងៗខ្លួន រួមមានក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ កំពុងឈរលេខ៥ រកបាន ២ពិន្ទុ លើក្រុមវិទ្យាល័យព្រះពន្លា និងក្រុម Two Brother ដែលទើបរកបាន ១ពិន្ទុ តែនៅសល់ ២ប្រកួតក្នុងដៃដូចគ្នា។
សូមរំឮកថា ពានរង្វាន់ Svay Rieng Cup រដូវកាលទី២ នេះ មាន ៧ក្រុមចូលរួម ហើយរូបមន្ដប្រកួត គឺប្រកួតលក្ខណៈលីគ ១ជុំ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវឡើងវគ្គបន្ដ ក្នុងនោះក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅជួបក្រុមឈរលេខ២ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមកំពូលតារាង ដើម្បីប្រកួតដណ្ដើមជើងឯកតែម្ដង៕ អត្ថបទ លី ឈុនឡា




