ជិះកង់៖ មិត្តភក្តិអាហ្សង់ទីនបួននាក់នឹងជិះកង់ចម្ងាយ ១០,៥០០គីឡូម៉ែត្រពីប្រទេសអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសកាតា ដើម្បីគាំទ្រប្រទេសរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup ២០២២ ក្នុងខែវិច្ឆិកា។

Lucas Ledezma, Leandro Blanco Pighi, Silvio Gatti និង Sebastian Rodriguez ដែលមកពីទីក្រុង Cordoba ប្រទេសអាហ្សង់ទីននឹងចាប់ផ្តើមជិះកង់នៅថ្ងៃទី១៥ ខែឧសភាខាងមុខចេញពីរដ្ឋធានី Cape Town ប្រទេសអាហ្វ្រិកខាងត្បូងទៅកានទីក្រុងដូហាប្រទេសកាតា ដែលនឹងត្រូវឆ្លងកាត់ ១៥ប្រទេស ២ទ្វីប។ ក្រុមជំរើសជាតិអាហ្សង់ទីននឹងចាប់ផ្តើមប្រកួតដំបូងនៅ World Cup លើទឹកដីកាតានៅថ្ងៃទី២២ ខែវិច្ឆិកាជួបជាមួយអារ៉ាប៊ីសាអ៊ូឌីតនៅកីឡដ្ឋាន Lusail។ លោក Lucas Ledezma ក៏ធ្លាប់ធ្វើរឿងបែបនេះដែរក្នុងការជិះកង់ទៅទស្សនាព្រឹត្តិការណ៍ World Cup កន្លងមកនៅប្រទេសប្រេស៊ីលឆ្នាំ២០១៤ និងរុស្ស៊ីឆ្នាំ២០១៨ ក៏ដូចជាជិះកង់ទៅទស្សនាព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៨ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល និងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាមេរិកខាងត្បូង Copa America ឆ្នាំ២០១៥ នៅប្រទេសស៊ីលី។
សម្រាប់ដំណើរផ្សងព្រេងក្នុងឆ្នាំ២០២២ នេះលោក Ledezma នឹងរួមដំណើរជាមួយអ្នកចងក្រងឯកសារម្នាក់ អ្នកនិពន្ធ និងភ្នាក់ងារទេសចរម្នាក់។ ក្រៅពីទស្សនាការប្រកួត ដំណើរកម្សាន្តនេះមានគោលបំណងជួយបរិស្ថាន។ រាល់គីឡូម៉ែត្រដែលបានធ្វើដំណើរ នឹងត្រូវបានសម្គាល់ដោយការដាំដើមឈើនៅលើភ្នំ Cordoba ដែលមានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន៕
អត្ថបទ៖នាង សុភាវុធ