ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានបន្តសរសេរប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup បន្ទាប់ពីក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងវគ្គចាញ់-ធ្លាក់ (Knockout) ក្រោយស៊ុតបញ្ចូលទីពីរគ្រាប់ឱ្យក្រុមជម្រើសជាតិបារាំង ក្នុងជ័យជម្នះ ៣-០ លើស៊ុយអែត នៅវគ្គ៣២ក្រុមចុងក្រោយ។
គ្រាប់បាល់របស់ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ បានធ្វើឱ្យរូបគេមានគ្រាប់បាល់សរុបចំនួន ៩ គ្រាប់ក្នុងវគ្គ Knockout នៃ World Cup ដែលជាកំណត់ត្រាថ្មី លើសកីឡាករជើងចាស់ Leonidas និង Ronaldo Nazario ដែលធ្លាប់រកបាន ៨ គ្រាប់ដូចគ្នា។
ក្រៅពីកំណត់ត្រាក្នុងវគ្គ Knockout នេះ Mbappe ក៏បានបង្កើនចំនួនគ្រាប់បាល់សរុបរបស់ខ្លួននៅ World Cup ដល់ ១៨ គ្រាប់ ដោយនៅសល់តែ ១ គ្រាប់ប៉ុណ្ណោះ នឹងតាមស្មើកំណត់ត្រារបស់ Lionel Messi ដែលកំពុងឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup។
ក្នុងការប្រកួតទល់នឹងស៊ុយអែត ខ្សែប្រយុទ្ធ Real Madrid រូបនេះរកបាន ២ គ្រាប់ ខណៈ Bradley Barcola បន្ថែមបាន ១ គ្រាប់ ជួយឱ្យក្រុមរបស់លោក Didier Deschamps ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយត្រូវជួបក្រុមប៉ារ៉ាហ្គាយ។
ក្នុងវ័យនៅមិនទាន់ដល់ ៣០ ឆ្នាំផង Mbappe បានបន្តបំបែកកំណត់ត្រាជាបន្តបន្ទាប់ ហើយកំពុងពង្រឹងឈ្មោះរបស់ខ្លួនក្នុងនាមជាកីឡាករឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ ជាមួយនឹងការប្រកួតនៅសល់ក្នុងព្រឹត្តិការណ៍ឆ្នាំ២០២៦ រូបគេនៅមានឱកាសបន្ថែមក្នុងការពង្រីកកំណត់ត្រារបស់ខ្លួន និងប្រជែងក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត World Cup៕ អត្ថបទ៖នាង សុភាវុធ


