យោងតាមមន្ត្រីតំបន់បានឲ្យដឹងថា សិស្សយ៉ាងហោចណាស់៣៧នាក់នៅតែបាត់ខ្លួន បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយឆ្មក់ចូលសាលារៀនរបស់ពួកគេនៅភាគឦសានប្រទេសនីហ្សេរីយ៉ា។ ការវាយប្រហារនេះ បានកើតឡើងកាលពីថ្ងៃចន្ទ នៅពេលដែលក្រុមអ្នកវាយប្រហារមកពីក្រុមរដ្ឋអ៊ីស្លាមនៅខេត្ត West Africa (ISWAP) បានសម្រុកចូលសាលារៀនមធ្យមសិក្សាមួយកន្លែងក្នុងទីក្រុង Lassa រដ្ឋ Borno ជារដ្ឋប្រឈមនឹងអំពើហិង្សាជាច្រើនឆ្នាំមកហើយដោយក្រុមប្រដាប់អាវុធ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃអង្គារថា សិស្សយ៉ាងហោចណាស់ ៣៧ នាក់នៅតែបាត់ខ្លួនបន្ទាប់ពីការវាយប្រហារ ដែលបានកើតឡើងខណៈពេលពួកគេកំពុងប្រឡង។ យ៉ាងហោចណាស់មនុស្សបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះរួមទាំងទាហានម្នាក់និងគ្រូបង្រៀនម្នាក់ ។ «បញ្ជីឈ្មោះសិស្សដែលត្រូវបានចាប់ជាចំណាប់ខ្មាំង» បង្ហាញពីភេទរបស់សិស្ស និងលេខទូរស័ព្ទចល័តរបស់ឪពុកម្តាយពួកគេ ត្រូវបានចែករំលែកជាមួយអ្នកសារព័ត៌មានដោយក្រុមប្រឹក្សារដ្ឋាភិបាលតំបន់។

លោក Lawan Abba Wakilbe ស្នងការអប់រំនៅរដ្ឋ Borno បានប្រាប់អ្នកសារព័ត៌មានថា សិស្សស្រី ២៥ នាក់ សិស្សប្រុស ១១ នាក់ និងបុគ្គលិកម្នាក់នៅតែត្រូវបានឃុំខ្លួន។ លោក Abba Wakilbe បាននិយាយបន្ថែមថា មនុស្ស៨នាក់ រួមទាំងនាយករងសាលារៀន ត្រូវបានដោះលែង។ ការចាប់ពង្រត់ដើម្បីទាមទារប្រាក់លោះ ជាពិសេសសិស្ស បានក្លាយជាយុទ្ធសាស្ត្រធម្មតាសម្រាប់ទាំងក្រុមប្រដាប់អាវុធ និងក្រុមចោរព្រៃ ដែលកំពុងធ្វើប្រតិបត្តិការនៅទូទាំងភាគខាងជើង និងភាគកណ្តាលប្រទេសរងគ្រោះដោយជម្លោះមួយនេះ។