នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចុះសាកសួរសុខទុក្ខកងទ័ពនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយសន្យាថាកងកម្លាំងប្រទេសរបស់លោកនឹងស្ថិតនៅក្នុងតំបន់នោះ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅតែជាការគំរាមកំហែង។

ការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីប្រទេសលីបង់ និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគោលក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដើម្បីបើកផ្លូវសម្រាប់សន្តិភាពរវាងពួកគេ និងដកហូតអាវុធពីក្រុមហេសបូឡា។
កិច្ចព្រមព្រៀងនេះធ្វើឱ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីលីបង់ដែលខ្លួនបានកាន់កាប់ ហើយទីក្រុងបេរូត ត្រូវដកហូតអាវុធពីក្រុមហេសបូឡា ដោយបង្កើត "តំបន់សាកល្បង" ដែលយោធាលីបង់នឹងកាន់កាប់។
យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថាជំហររបស់លោកគឺច្បាស់លាស់ ពួកលោកនឹងមិនចាកចេញពីភាគខាងត្បូងប្រទេសលីបង់ទេ រហូតដល់ការគំរាមកំហែងបានរលាយបាត់។ ហើយដរាបណាក្រុមហេសបូឡា ដែលមានអាវុធក្នុងដៃ នៅទីនេះ និងការគំរាមកំហែងដល់ពួកលោក ពួកលោកនឹងនៅទីនេះ៕

