អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១២ នាក់បានស្លាប់ និង ៧ នាក់ទៀតនៅបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់ធំៗក្នុងប្រទេសហ្គាណា រួមទាំងនៅរដ្ឋធានី Accra ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohammed Mubarak Muntaka បានថ្លែងនៅក្នុងសភា ថា ប្រជាជនជាង៣៨.៨០០នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈ ៧.៧៦១គ្រួសារ ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីទីក្រុងត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំង។ លោកបាននិយាយបន្ថែមថា ទីក្រុង Accra បានកត់ត្រាទឹកភ្លៀងក្នុងកម្រិត ១៦៩ មីលីម៉ែត្រក្នុងថ្ងៃតែមួយ ជាកម្រិតខ្ពស់បំផុតទីបួនដែលប្រទេសនេះបានជួបប្រទះចាប់តាំងពីឆ្នាំ ១៩៩៥។

នៅខាងក្រៅលំនៅឋានដែលរងផលប៉ះពាល់ សម្ភារៈដែលជួយសង្គ្រោះបានរួមមានពូក គ្រឿងសង្ហារឹម និងរបស់របរផ្ទាល់ខ្លួនមួយចំនួនត្រូវបានដាក់គរខណៈប្រជាជនកំពុងប្រមូលអ្វីៗដែលអាចសង្គ្រោះបាន។
រដ្ឋមន្ត្រីបានប្រាប់សភាថា រដ្ឋាភិបាលកំពុងកៀរគរមូលនិធិសង្គ្រោះបន្ទាន់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញ។ មូលនិធិសរុបចំនួនប្រហែល ៣១ លានដុល្លារអាមេរិក ត្រូវបានកំណត់ដើម្បីដោះស្រាយវិបត្តិនេះ ដោយមូលនិធិចំនួនប្រហែល១៨លានដុល្លារអាមេរិក ត្រូវបានបម្រុងទុកសម្រាប់ជាជំនួយសង្គ្រោះដើម្បីគាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់ជាង១ម៉ឺនគ្រួសារ និងមូលនិធិចំនួនប្រហែល ១៣ លានដុល្លារអាមេរិក ត្រូវបានបម្រុងទុកមួយឡែកដើម្បីកាត់បន្ថយហានិភ័យទឹកជំនន់នៅតំបន់ឆ្នេរ។
អាជ្ញាធរនិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងបន្តសម្រាប់អ្នកនៅតែបាត់ខ្លួន ខណៈការវាយតម្លៃការខូចខាតកំពុងបន្ត។