លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់កាលពីថ្ងៃអង្គារ បានព្រមានអំពីការកើនឡើងភាពតានតឹងនៅតំបន់ Kordofanខាងជើងរបស់ប្រទេសស៊ូដង់។

លោក Fletcher បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំកំពុងប្រកាសអាសន្នជាថ្មីអំពីអំពើហិង្សា ដែលកំពុងកើនឡើង និងស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស នៅតំបន់ Kordofanខាងជើងនៃប្រទេសស៊ូដង់។ យើងមិនអាចអនុញ្ញាតឲ្យទីក្រុង El Obeid (រដ្ឋធានី North Kordofan) ក្លាយជាទីក្រុង El Fasher មួយទៀតបានទេ»។

ការឡោមព័ទ្ធ និងការដណ្តើមយកទីក្រុង El Fasher ដែលជារដ្ឋធានីនៃរដ្ឋ Darfur ខាងជើង ដោយកងកម្លាំងគាំទ្ររហ័ស (RSF) ក្នុងខែកញ្ញា និងខែតុលា ឆ្នាំ ២០២៥ បានបណ្តាលឲ្យជនស៊ីវិលស្លាប់យ៉ាងច្រើន នៅក្នុងទីក្រុងនេះ។
ការវាយប្រហារដោយយានដ្រូនកាន់តែខ្លាំង កំពុងសម្លាប់ជនស៊ីវិលនៅទូទាំងតំបន់ Kordofanខាងជើង ហើយហានិភ័យនៃការរងទុក្ខកាន់តែធ្ងន់ធ្ងររបស់មនុស្ស កំពុងកើនឡើង។ ជនស៊ីវិលរាប់រយពាន់នាក់ស្ថិតនៅក្នុងតំបន់ El Obeid រួមទាំងមនុស្សជាច្រើនដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារការប្រយុទ្ធគ្នានៅកន្លែងផ្សេង។ ការវាយប្រហារដោយយានដ្រូន កំពុងរំខានដល់ការទទួលបានទឹកស្អាត និងអគ្គិសនីដែលអាចជួយសង្គ្រោះជីវិតបាន។ លោក Fletcher បាននិយាយថា ដោយសាររដូវវស្សាខិតជិតមកដល់ ទឹកស្អាត គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺអាសន្នរោគ និងជំងឺដែលឆ្លងតាមទឹកដ៏សាហាវផ្សេងទៀត៕