ក្រុមយុទ្ធជនមកពីកងកម្លាំងគាំទ្ររហ័សរបស់ប្រទេសស៊ូដង់ និងអតីតក្រុមឧទ្ទាមសេឡេកា(Seleka) នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលកាលពីថ្ងៃអង្គារ បានវាយប្រហារមូលដ្ឋានមួយរបស់អង្គការសហប្រជាជាតិ នៅជិតព្រំដែនស៊ូដង់ ដោយបានបណ្តាលឲ្យកងកម្លាំងរក្សាសន្តិភាពហ្សំប៊ីចំនួនបីនាក់ រងរបួស។

បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) បាន «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការវាយឆ្មក់ពេលព្រឹកព្រលឹម នៅក្នុងទីក្រុង Am Dafock ដែលបានកំណត់គោលដៅលើមូលដ្ឋានមួយរបស់ខ្លួ ននៅក្នុងប្រទេសក្រីក្រ និងងាយរងគ្រោះនេះ។
បេសកកម្មនេះបាននិយាយថា កងកម្លាំងរក្សាសន្តិភាពហ្សំប៊ីបីនាក់ បានរងរបួស ដោយម្នាក់ក្នុងចំណោមពួកគេ រងរបួសធ្ងន់ធ្ងរ។

លោក Valentine Rugwabiza តំណាងពិសេសរបស់អគ្គលេខាធិការUN បាននិយាយថា ការវាយប្រហារលើកងកម្លាំងមួកខៀវ «អាចជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ»។
លោក Ramadan Abdelkader អភិបាលរងស្រុក Am Dafock បានប្រាប់សារព័ត៌មានAFP ថា៖«អតីតយុទ្ធជនសេឡេកា និងធាតុផ្សំនៃកងកម្លាំងគាំទ្ររហ័ស (RSF) ដែលមកពីប្រទេសស៊ូដង់បានវាយប្រហារមូលដ្ឋានទាំងនោះ» ដោយបន្ថែមថា មនុស្ស ២២ នាក់ បានស្លាប់៕