នាថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ ក្នុងអំឡុងពេលប្រារព្ធខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន លោកប្រធានាធិបតី Xi Jinping បានមានប្រសាសន៍ថា គណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច ត្រូវតែតាមឲ្យទាន់កាលៈទេសៈដែលកំពុងផ្លាស់ប្តូរ ខណៈពេលដែលការពារវឌ្ឍនភាពដែលខ្លួនសម្រេចបាន។

លោក Xi មិនបានកំណត់អត្តសញ្ញាណឱកាស ឬហានិភ័យជាក់លាក់ណាមួយឡើយ នៅក្នុងសុន្ទរកថារយៈពេល ៤០នាទីរបស់លោក នៅឯមហាសាលប្រជាជនចិនរបស់ទីក្រុងប៉េកាំង ប៉ុន្តែអ្នកវិភាគ លើកឡើងថា កំណើនសេដ្ឋកិច្ចយឺត និងការធ្លាក់ចុះប្រជាសាស្ត្រ បង្កជាបញ្ហាប្រឈមធំ សម្រាប់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។

លោក Xi ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស គិតចាប់តាំងពីលោក ម៉ៅ សេទុង (Mao Zedong) បានបន្ថែមថា «ការអភិវឌ្ឍរបស់ប្រទេសចិនបច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលមួយដែលឱកាសជាយុទ្ធសាស្ត្រ មានទាំងហានិភ័យ និងបញ្ហាប្រឈមរួមជាមួយគ្នា»។ លោកបានអំពាវនាវឱ្យគណបក្សសម្របសម្រួលឱ្យកាន់តែប្រសើរឡើង ដើម្បីដោះស្រាយបញ្ហា ទាំងក្នុងស្រុក និងអន្តរជាតិ។
ដោយជួបបញ្ហាប្រឈមខាងក្រៅ រាប់ចាប់ពីការទប់ស្កាត់បច្ចេកវិទ្យាកម្រិតខ្ពស់ដែលដឹកនាំដោយលោកខាងលិច រហូតដល់ទំនាក់ទំនងពាណិជ្ជកម្មដ៏ច្របូកច្របល់ ជាមួយសហរដ្ឋអាមេរិក និងភាពតានតឹង ជុំវិញកោះតៃវ៉ាន់ ថ្នាក់ដឹកនាំគណបក្ស ចាត់ទុកថា វាគឺជាកិច្ចការសំខាន់មួយ ដែលត្រូវពង្រឹងការយល់ដឹងរបស់ពួកគេ លើគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមចិន។
គួរបញ្ជាក់ថា ដោយត្រូវបានបង្កើតឡើងដោយអ្នកបដិវត្តន៍ចិនរាប់សិបនាក់ ក្នុងឆ្នាំ១៩២១ ខណៈគណបក្សកុម្មុយនីស្តចិន ឥឡូវនេះមានសមាជិកជាង ១០០លាននាក់ ឬ ៧,២ភាគរយនៃចំនួនប្រជាជនចិន៕