ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត «ឥតប្រែប្រួល» របស់ទីក្រុងប៉េកាំង ក្នុងការ «ដោះស្រាយបញ្ហាកោះតៃវ៉ាន់»។
ដោយត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Xinhua ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ខណៈពេលដែលលោកបានថ្លែងនៅក្នុងពិធី ដើម្បីអបអរសាទរខួបលើកទី១០៥ នៃការបង្កើតគណបក្ស លោក Xi បានមានប្រសាសន៍ថា៖ «ការដោះស្រាយបញ្ហាកោះតៃវ៉ាន់ និងការសម្រេចបាននូវការបង្រួបបង្រួមពេញលេញរបស់ប្រទេសចិន គឺជាបេសកកម្មប្រវត្តិសាស្ត្រ និងជាការប្តេជ្ញាចិត្តឥតប្រែប្រួល សម្រាប់គណបក្សកុម្មុយនីស្តចិន (CPC)»។
លោក Xi ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានសន្យាថា នឹងចាត់វិធានការ «យ៉ាងម៉ឺងម៉ាត់» ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមបំបែកខ្លួន ដែលស្វែងរក «ឯករាជ្យឲ្យកោះតៃវ៉ាន់» ទប់ទល់នឹងការជ្រៀតជ្រែកពីខាងក្រៅ និងជំរុញការបង្រួបបង្រួមជាតិ។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្ត «បំបែកខ្លួន» ខណៈដែលទីក្រុងតៃប៉ិ ទទូចពីឯករាជ្យរបស់ខ្លួន។ ដោយអំពាវនាវឱ្យមានកិច្ចប្រឹងប្រែង ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន «យ៉ាងម៉ឺងម៉ាត់» លោកបានសង្កត់ធ្ងន់លើការគាំទ្រភាពជាអ្នកដឹកនាំដាច់ខាតរបស់បក្ស លើកងកម្លាំងប្រដាប់អាវុធប្រជាជន៕

