យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប បានឲ្យដឹងថា អ្នកចរចាអាមេរិក លោក Jared Kushner និងលោក Steve Witkoff មាននូវការពិភាក្សាដ៏វិជ្ជមានជាមួយមេដឹកនាំតំបន់ នៅប្រទេសកាតា ហើយការពិភាក្សាបច្ចេកទេសជាមួយអ៊ីរ៉ង់ កំពុងដំណើរការទៅមុខ ខណៈដែលប្រទេសទាំង២ កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីការវាយប្រហារថ្មីៗនេះ បានធ្វើឱ្យបទឈប់បាញ់ដែលផុយស្រួយរួចទៅហើយប្រឈមហានិភ័យ។
លោក Witkoff និងលោក Kushner បាននិងកំពុងស្ថិតនៅឯទីក្រុងដូហា ជាផ្នែកនៃការចរចាដោយប្រយោលដែលកំពុងបន្ត រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាដំណើរការដែលមានបំណងបង្កើតកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង។ កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានចុះហត្ថលេខាកាលពីដើមខែនេះ បានបើកឱកាសឲ្យមានរយៈពេលចរចា ៦០ថ្ងៃ ប៉ុន្តែកិច្ចប្រឹងប្រែងទាំងនោះ បានប្រឈមនឹងដំណើរថយក្រោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ នៅច្រកសមុទ្រ Hormuz។

អ្នកទាំង២ បានត្រឡប់ទៅទីក្រុងដូហាវិញ សម្រាប់ការពិភាក្សានេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមបញ្ឈប់ការវាយប្រហារថ្មីរបស់ភាគីទាំង២។ តែយ៉ាងណាក្ដី ភាពមិនប្រាកដប្រជា ដែលអន្ទោលលើការពិភាក្សារបស់ប្រទេសទាំង២ បានបង្ហាញពីលក្ខណៈផុយស្រួយនៃកិច្ចពិភាក្សា និងផ្លូវស្មុគស្មាញ នៅខាងមុខ សម្រាប់ទាំងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ខណៈពេលដែលភាគីទាំង២ កំពុងស្វែងរកការសម្របសម្រួលកិច្ចព្រមព្រៀងទូលំទូលាយមួយ។
មន្ត្រីកាតាបាននិយាយសម្រាលកុំឲ្យមានការរំពឹងទុកខ្ពស់ សម្រាប់ការចរចាថ្មី ដោយបញ្ជាក់ថា បេសកជនជាន់ខ្ពស់របស់លោកប្រធានាធិបតី Donald Trump នឹងមិនជួបដោយផ្ទាល់ជាមួយសមភាគីអ៊ីរ៉ង់របស់ពួកគេទេ។
ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦)ថា លោក Trump បានសម្រេចចិត្តមិនបន្តយុទ្ធនាការយោធាទូលំទូលាយឡើងវិញទេ ហើយបានប្រាប់បុគ្គលិករបស់លោកថា លោកមិនប្រកាន់ទេ ប្រសិនបើការចរចាបានអូសបន្លាយហួសពីថ្ងៃផុតកំណត់ទី១៨ ខែសីហា៕
