កាលពីយប់ថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងពីបញ្ហានេះ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាថា តើត្រូវផ្លាស់ប្តូរងាកទៅរកយុទ្ធនាការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់វិញដែរ ឬយ៉ាងណា ទោះបីជាលោកអនុញ្ញាតឱ្យការចរចានុយក្លេអ៊ែរបន្តដំណើរការ សម្រាប់ពេលនេះក៏ដោយ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានពិភាក្សាអំពីលទ្ធភាពនៃការវាយប្រហារបន្ថែមទៀតជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth និងនាយសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Dan Caine។ យោងតាមរបាយការណ៍ បានឲ្យដឹងថា ការសន្ទនាបានពិនិត្យមើលថា តើទីក្រុងវ៉ាស៊ីនតោនគួរតែបោះបង់ចោលផ្លូវការទូត ហើយចាប់ផ្ដើមការវាយប្រហារទ្រង់ទ្រាយធំឡើងវិញដែរ ឬយ៉ាងណា ជាជំហានមួយដែលមន្ត្រីមួយចំនួន បានពិពណ៌នាថា ជាកិច្ចប្រឹងប្រែង ដើម្បី «បញ្ចប់ការងារទាំងស្រុង»។
យ៉ាងណាក្ដី លោក Trump មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ សម្រាប់ពេលនេះ លោកបានប្រាប់ជំនួយការថា លោកមានឆន្ទៈក្នុងការផ្តល់ពេលវេលាបន្ថែមទៀតដល់ដំណើរការចរចា រួមទាំងអាចហួសពីកាលកំណត់ថ្ងៃទី១៨ ខែសីហា ដើម្បីទុកឱកាសដែលអាចមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
តែក្នុងពេលជាមួយគ្នានេះ លោកប្រធានាធិបតីបានផ្តល់សញ្ញាថា លោកអាចនៅតែអនុញ្ញាតឱ្យមានការវាយប្រហារតែម្ដង ប្រសិនបើអ៊ីរ៉ង់រំលោភលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)៕

