លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវដល់ប្រទេសនានាឱ្យបំពេញចន្លោះមូលនិធិចំនួន១០០លានដុល្លារសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដោយនិយាយថា មនុស្សរាប់លាននាក់កំពុងប្រឈមហានិភ័យដោយសារតែកង្វះមូលនិធិ។
ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពរបស់ទីភ្នាក់ងារ UNRWA កាន់តែមានហានិភ័យដោយសារតែកង្វះមូលនិធិយ៉ាងច្រើននិងការរឹតត្បិតយ៉ាងទូលំទូលាយដោយអ៊ីស្រាអែលលើការងាររបស់ទីភ្នាក់ងារនៅទូទាំងដែនដីប៉ាឡេស្ទីន ។
លោក Guterres បានថ្លែងទៅកាន់សន្និសីទម្ចាស់ជំនួយស្តីពីទីភ្នាក់ងារអង្គការសហប្រជាជាតិថា «ខណៈយើងជួបគ្នានៅពេលនេះ សុវត្ថិភាពនិងសុខុមាលភាពរបស់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់ ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់»។ លោក Guterres បានលើកឡើងពីស្ថានភាពរស់នៅ «ដ៏គួរឱ្យសោកសៅ» ក្នុងតំបន់ហ្កាហ្សា អំពើហិង្សាដោយអ្នកតាំងលំនៅឋានអ៊ីស្រាអែលនៅតំបន់កាន់កាប់ West Bank និងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ជាកន្លែងដែលជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើនបានស្វែងរកទីជម្រក។ លោកបាននិយាយថា ទីភ្នាក់ងារ UNRWA ប្រឈមនឹងការរឹតត្បិតយ៉ាងខ្លាំងនៅទូទាំងដែនដីប៉ាឡេស្ទីន ហើយកង្វះសាច់ប្រាក់បានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ទីភ្នាក់ងារនៅទូទាំងតំបន់។ ដោយសារតែមូលនិធិមិនគ្រប់គ្រាន់ ទីភ្នាក់ងារUNRWA ដែលត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងឆ្នាំ១៩៤៩ដើម្បីជួយពលរដ្ឋប៉ាឡេស្ទីនដែលត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋាន ត្រូវបានបង្ខំឲ្យកាត់បន្ថយប្រតិបត្តិការរបស់ខ្លួន។

