កងពលធំកងទ័ពអាល្លឺម៉ង់-ហូឡង់ បានចូលគ្រប់គ្រងទីបញ្ជាការរបស់កងកម្លាំងជើងគោកណាតូ នៅឡាតវី និងអេស្តូនី ដោយបង្កើតទីបញ្ជាការយុទ្ធសាស្ត្រថ្មីមួយនៅក្នុងតំបន់នេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន DPA ពិធីចូលទៅគ្រប់គ្រងទីបញ្ជាការនេះ នៅក្នុងទីក្រុង Valga តាមបណ្តោយព្រំដែនរវាងអេស្តូនី និងឡាតវី ត្រូវបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោក Boris Pistorius។
នៅក្នុងសេចក្តីអធិប្បាយមួយ ក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយថា៖«អាល្លឺម៉ង់ និងហូឡង់បង្ហាញពីការត្រៀមខ្លួន និងសមត្ថភាពក្នុងការទទួលខុសត្រូវចំពោះការការពារ និងទប់ស្កាត់ នៅផ្នែកខាងកើតរបស់អង្គការណាតូ។ កងពលធំអាល្លឺម៉ង់-ហូឡង់ទី ១ (1GNC) នឹងទទួលបន្ទុករៀបចំ និងសម្របសម្រួលសមយុទ្ធយោធា ក៏ដូចជាការផ្តល់សន្តិសុខនៅក្នុងតំបន់ពីទីបញ្ជាការរបស់សម្ព័ន្ធយោធានេះ នៅប្រទេស ប៉ូឡូញ។

នាពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា សម្ព័ន្ធភាពអាត្លង់ទិកខាងជើងនឹងពង្រឹងផ្នែកខាងកើតរបស់ខ្លួនប្រឆាំងនឹងជម្លោះប្រដាប់អាវុធដែលអាចកើតមាន តាមរយៈរចនាសម្ព័ន្ធថ្មីមួយដែលនឹងអនុញ្ញាតឲ្យប្លុកនេះដាក់ពង្រាយកងកម្លាំងនៅឡាតវី និងអេស្តូនី «ក្នុងល្បឿនលឿន» ក្នុងករណីមានការវាយប្រហារ។ ទីភ្នាក់ងារសារព័ត៌មាន ANP បានរាយការណ៍អំពីផែនការរបស់ប្រទេសហូឡង់ និងអាល្លឺម៉ង់ ក្នុងការបង្កើតមជ្ឈមណ្ឌលបញ្ជាការយុទ្ធសាស្ត្ររបស់ណាតូ ដែលនឹងសម្របសម្រួលប្រតិបត្តិការរបស់សម្ព័ន្ធយោធានេះ នៅក្នុងតំបន់បាល់ទិក៕
