អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ថា មនុស្សរាប់ម៉ឺននាក់ ត្រូវការអាហារ និងជម្រកជាបន្ទាន់ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីមាននូវរញ្ជួយដីដ៏អាក្រក់បំផុត ២លើក ដែលបានសម្លាប់មនុស្សជិត ២.០០០នាក់ ខណៈដែលគ្រូពេទ្យបានព្រមានអំពីការផ្ទុះឡើងនៃជំងឺ ដោយអ្នករស់រានមានជីវិតកំពុងនាំគ្នាសម្រាកនៅតាមដងផ្លូវ។
គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ កាលពីសប្តាហ៍មុន ដែលជាគ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយ នៅតំបន់អាមេរិកឡាទីន បានបណ្ដាលឲ្យអគារលំនៅឋានទាំងមូលបាក់ដួលរលំ ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បាត់ខ្លួន និងបានជំរុញឱ្យមានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះយ៉ាងប្រញាប់ប្រញាល់ សម្រាប់អ្នកនៅរស់រានមានជីវិតដែលជាប់នៅក្នុងគំនរបាក់បែក។
ទីភ្នាក់ងារជនភៀសខ្លួនរបស់ UN បានឲ្យដឹងថា «កង្វះខាតអាហារកំពុងរាលដាល សេវាកម្មជាមូលដ្ឋានត្រូវបានផ្អាកដំណើរការ ហើយការតភ្ជាប់ត្រូវបានកាត់ផ្តាច់ជាចម្បង» នៅក្នុងទីក្រុងកំពង់ផែ La Guaira ជាតំបន់ដែលរងគ្រោះខ្លាំងបំផុត នៅភាគខាងជើងនៃរដ្ឋធានីការ៉ាកាស។
អ្នកលក់ដូរនៅទីក្រុង La Guaira ដែលរងរបួសដោយសារធ្លាក់ពីលើម៉ូតូ អំឡុងពេលមានរញ្ជួយដី ឈ្មោះ Daniela Armas អាយុ ១៨ឆ្នាំ បាននិយាយថា «ពួកគេចែកសម្ភារៈនៅទីនេះ ប៉ុន្តែពេលខ្លះ មនុស្សម្នាស្ទើរតែសម្លាប់គ្នា ដោយសារដណ្ដើមអាហារ» ។
ប្រជាជនវ៉េណេស៊ុយអេឡាជាច្រើន បានបង្ហាញការខឹងសម្បា ចំពោះការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាល ចំពោះគ្រោះមហន្តរាយ នៅក្នុងប្រទេសដែលកំពុងជួបការលំបាកដោយសារវិបត្តិសេដ្ឋកិច្ចរាប់ទសវត្សរ៍ដែលបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខភាពចុះខ្សោយ។
ទីភ្នាក់ងារ UN បាននិយាយថា ស្ថាប័នត្រូវការទឹកប្រាក់ប្រហែល ១៤,៨៥លានដុល្លារ ដើម្បីបង្កើនជំនួយ និងជម្រកបណ្តោះអាសន្ន សម្រាប់មនុស្ស ៣០.០០០នាក់ ក្នុងរយៈពេល ៦ខែ៕



