ស្នូកឃ័រ៖ ការប្រកួតស្នូកឃ័រជើងឯកពិភពលោក បានចាប់ផ្តើមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈជំនួបរវាងខ្លាចាស់ទាំងពីរនាក់ Ronnie O’Sullivan និង John Higgins កំពុងតានតឹងក្រោយស្មើគ្នា ៤-៤ហ្វ្រេមក្នុងដំណាក់កាលដំបូង។

ចាប់ផ្តើមដំបូងជើងឯកពិភពលោក ៤សម័យសញ្ជាតិស្កុតឡេន John Higgins បាននាំមុខ ៣ហ្វ្រេមមុនពេលដែលជើងឯកពិភពលោក ៦សម័យ Ronnie O’Sullivan យកឈ្នះ ៤ ក្នុងចំណោម ៥ហ្វ្រេមបន្ទាប់។ ការប្រកួតរវាងជើងខ្លាំងទាំងពីរនឹងបន្តនៅថ្ងៃសុក្រនេះទៀត ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាករទាំងពីរត្រូវលេងសរុប ៣៣ហ្វ្រេម។ ងាកមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀតមិនតានតឹងឡើយ ដោយជើងឯកពិភពលោកឆ្នាំ២០១៩ Judd Trump បាននាំមុខលើជើងឯក ៣សម័យសញ្ជាតិវែល Mark Williams ៧-១ហ្វ្រេម។ ការប្រកួតរវាងកីឡាករទាំងពីរក៏នឹងបន្តថ្ងៃសុក្រនេះទៀតដែរ ខណៈដែល Mark Williams ត្រូវធ្វើការងារធ្ងន់ប្រសិនចង់ឈ្នះ Judd Trump ដែលកំពុងនាំមុខដាច់ដល់ទៅ ៦ហ្វ្រេមនេះ៕
អត្ថបទ៖នាង សុភាវុធ