ក្រុមមន្ត្រីសេវាសង្គ្រោះបន្ទាន់បាននិយាយថា ព្យុះដ៏មានឥទ្ធិពលមួយបានបោកបក់ពាសពេញរដ្ឋធានី Bucharest និងស្រុកចំនួន២០ទៀត របស់ប្រទេសរ៉ូម៉ានី នៅថ្ងៃពុធនេះ ដោយបានសម្លាប់មនុស្សម្នាក់ និងបំផ្លិចបំផ្លាញលំនៅឋាន និងរថយន្តមួយចំនួន។
សេវាសង្គ្រោះបន្ទាន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Digi24 ថា នៅរដ្ឋធានី Bucharest តែមួយ មានអ្នកហៅទូរស័ព្ទសុំជំនួយជិត២.០០០ករណីត្រូវបានរាយការណ៍ ។ស្ថានីយរថភ្លើងក្រោមដី ត្រូវបានទឹកជន់លិច។
នៅខាងក្រៅរដ្ឋធានី ព្យុះបានបង្កការបំផ្លិចបំផ្លាញនៅក្នុងទីប្រជុំជននិងភូមិចំនួន៦០ ។ មនុស្សម្នាក់បានស្លាប់នៅពេលដើមឈើបានដួលរលំលើរថយន្តរបស់ពួកគេ។
នគរបាល និងក្រុមអ្នកពន្លត់អគ្គិភ័យ ត្រូវបានដាក់ពង្រាយនៅទូទាំងស្រុកជាច្រើន ដើម្បីជម្លៀសពលរដ្ឋចេញពីផ្ទះសម្បែងរងការជន់លិច និងសម្អាតកម្ទេចកម្ទី។
ព្យុះនេះត្រូវបានកើតឡើងបន្ទាប់រលកកម្ដៅ ដោយមានសីតុណ្ហភាពឡើងលើសពី៤០អង្សាសេ ក្នុងតំបន់មួយចំនួននៃប្រទេសនេះ កាលពីថ្ងៃចន្ទនិងអង្គារ សប្ដាហ៍នេះ ដែលជំរុញឲ្យមានការប្រើប្រាស់ថាមពលកាន់តែច្រើន និងការដំឡើងថ្លៃថាមពលអគ្គិសនី ៕

