ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបប្រតិភូមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ ដឹកនាំដោយដោយលោកជំទាវ Tina Redshew ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារអភិវឌ្ឍន៍អេកូទេសចរណ៍ទន្លេមេគង្គក្រោម។
ជំនួបពិភាក្សាការងារនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមេសានេះ ខណៈមូលនីធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេស បានប្រកាសផ្តល់ជំនួយជាថវិកាប្រមាណជាង ១០០លានដុល្លាអាមេរិច ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍តំបន់ទេសភាពចំនួន៦ កន្លែងលើពិភពលោក ក្នុងនោះគឺមានតំបន់ទេសភាពជីវៈចម្រុះទន្លេមេគង្គក្រោមរបស់ប្រទេសកម្ពុជាមួយផងដែរ។
បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានថ្លែងជំនួបនោះនេះថា នៅក្នុងដំណើរសិក្សាស្រាវជ្រាវរបស់ក្រុមការងារមូលនីធិការពារទេសភាពជីវៈចម្រុះនៅតាមតំបន់ទន្លេមេគង្គក្រោមនៅក្នុងកម្ពុជា គឺមូលនីធិBLF អាចនឹងផ្តល់អាទិភាពអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ទេសភាពទន្លេមេគង្គក្រោមកម្ពុជា ចាប់ពីខេត្តកំពង់ចាម ខេត្តកណ្តាលរហូតដល់ខេត្តព្រៃវែង តភា្ជប់ទៅភាគត្បូងប្រទេសវៀតណាម តែចំពោះគម្រោងជាក់ស្តែងអនុវត្តយ៉ាងណានោះ គឺនឹងបង្ហាញអោយដឹងនៅក្នុងអំឡុងខែមិថុនាខាងមុខនេះ។
ទោះយ៉ាងណាក៏ដោយ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានជម្រាបថា រាជរដ្ឋាភិបាលមានគោលនយោបាយជម្រុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍កម្ពុជា គឺបានផ្តោតការគិតគូរខ្លាំងអំពីវិស័យបរិស្ថាន ទេសចរណ៍ ការពារធនធានធម្មជាតិ បម្រែបម្រួលអាកាសធាតុ ខណៈក្នុងវិបត្តិកូវីដ១៩ កន្លងមកនេះ តំបន់អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍សហគមន៍ និងទេសចរណ៍ផ្សងព្រេង គឺបានដើរតួនាទីដ៏សំខាន់ទាក់ទាញទេសចរជាតិអន្តរជាតិទៅទស្សនាច្រើន និងបានផ្តល់ប្រភពចំណូលច្រើនជូនសហគមន៍។
ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ដែរថា នៅក្នុងដំណើរការរៀបចំចងក្រងសហគមន៍អេកូទេសចរណ៍ដែលទទួលបានជោគជ័យកន្លងមក ដូចជា តំបន់អេកូទេសចរណ៍នៅជីផាត នៅអារ៉ែង ជាដើម គឺបានប្រែក្លាយមុខរបរប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ពីការកាប់ព្រៃ បរបាញ់សត្វជាដើម ទៅជាការួមគ្នាថែរក្សាធនធានធម្មជាតិ ព្រៃឈើ បំរើការងារក្នុងវិស័យទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិទៅទស្សនាកម្សាន្តវិញ។
ឆ្លើយតបការជម្រាបសួរពីក្រុមការងារមូលនីធិBLF នៃស្ថានទូតអង់គ្លេសអំពីនយោបាយក្នុងការជម្រុញអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងតួនាទីអនុវិស័យអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិនានាទៀត ។
ឯកឧត្តម ថោង ខុន បានលើកឡើងថា ទេសចរណ៍កម្ពុជា គឺបានផ្តោតសំខាន់លើទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលអភិវឌ្ឍន៍ដោយលើគោលការណ៍និរន្តភាព ហើយឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ រដ្ឋាភិបាលក៏បានបង្កើតគណកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍ និងបង្កើតគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីជម្រុញពលរដ្ឋ និងទេសចរចូលរួមការពារបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុផងដែរ៕អត្ថបទ ស៊ុម សុខជា