មជ្ឈមណ្ឌលកំណត់គោលដៅហិរញ្ញប្បទានភេរវកម្ម (TFTC) ដែលរួមមានសហរដ្ឋអាមេរិក បារ៉ែន គូវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) បានប្រកាសដាក់ទណ្ឌកម្មស្របគ្នា លើស្ថាប័ន Al-Qard Al-Hassan, Bayt al-Mal និងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ក្រុមហេសបូឡា។
ក្រសួងរតនាគារបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីចំណាត់ការនេះថា អង្គភាពចំនួន ៥ និងបុគ្គល ១៦នាក់ ត្រូវបានដាក់ទណ្ឌកម្ម។
សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយក្រសួងរតនាគារ បានរៀបរាប់ថា៖ «បណ្តាញដែលកំណត់ដោយ TFTC នៅថ្ងៃនេះ គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ សន្តិសុខអន្តរជាតិ ផលប្រយោជន៍ទៅវិញទៅមក និងពាណិជ្ជកម្មសកល។ តាមរយៈការរឹតបន្តឹងការទទួលបានមូលនិធិរបស់ក្រុមហេសបូឡា សមាជិក TFTC កំពុងធ្វើការ ដើម្បីការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ គាំទ្រប្រជាជនលីបង់ និងប្រឆាំងនឹងបណ្តាញភេរវកម្ម»។
TFTC ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៧ ក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់លោកប្រធានាធិបតី Donald Trump ហើយបញ្ជាក់ថា ខ្លួនមានគោលបំណង «ប្រឆាំងនឹងបណ្តាញហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អត្តសញ្ញាណ តាមដាន និងចែករំលែកព័ត៌មាន អំពីបណ្តាញហិរញ្ញប្បទានភេរវកម្ម សម្របសម្រួលវិធានការរំខានរួមគ្នា ក្នុងនោះរួមទាំងការដាក់ទណ្ឌកម្ម និងផ្តល់ជំនួយកសាងសមត្ថភាព ដើម្បីប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្មផងដែរ។
យោងតាមគេហទំព័ររបស់ស្ថាប័ននេះ បានឲ្យដឹងថា អារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក កាន់តួនាទីជាសហប្រធានរបស់ TFTC៕

