សារព័ត៌មានមួយរបស់ប្រទេសអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ថា ក្រុមប្រឹក្សាសន្តិភាព (Board of Peace) នឹងចាប់ផ្តើមគម្រោងសាកល្បង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដើម្បីគ្រប់គ្រងមជ្ឈមណ្ឌលជម្រកមនុស្សធម៌ នៅក្នុងតំបន់នៃដែនដីហ្កាហ្សាស្ទ្រីបដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស។
តំបន់ Tel al-Sultan នៅជិតទីក្រុង Rafah នឹងក្លាយជាគោលដៅដំបូងដែលជនស៊ីវិល នឹងត្រូវបានណែនាំ «ជាពិសេសអ្នកដែលមិនមានទំនាក់ទំនងជាមួយក្រុមហាម៉ាស»។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Israel Hayom។

សារព័ត៌មាននេះ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កម្លាំងពហុជាតិសាសន៍ដែលគេស្គាល់ថា ជាកម្លាំងរក្សាស្ថិរភាពអន្តរជាតិដឹកនាំដោយក្រុមប្រឹក្សានេះ នឹងត្រូវបានដាក់ពង្រាយនៅតំបន់នោះ។ សារព័ត៌មាននេះបានបន្ថែមថា កម្លាំងនេះនឹងឈរជើងនៅជំរំ Amitai របស់អ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សា។
របាយការណ៍នេះបានឱ្យដឹងទៀតថា កម្លាំងនេះត្រូវបានគេរំពឹងថា នឹងបំពាក់ដោយអាវុធ មិនប្រល័យជីវិត ដើម្បីរក្សាសណ្តាប់ធ្នាប់ នៅក្នុងតំបន់មនុស្សធម៌ ខណៈដែលយោធាអ៊ីស្រាអែល នឹងបន្តពង្រីក និងពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើតំបន់ដែលហួសពីអ្វីដែលហៅថា «ខ្សែព្រំដែនពណ៌លឿង»។ ហើយបើយោងតាមសារព័ត៌មានដដែលនេះ បានបន្ថែមថា មន្ត្រីក្រុមប្រឹក្សាសន្តិភាព បានសន្យាថា បេតុងនឹងមិនត្រូវបានប្រើសម្រាប់ការកសាងឡើងវិញ នៅក្នុងតំបន់ទាំងនោះទេ។
ផ្ទុយទៅវិញ លំនៅឋានចល័ត ឬរថយន្តច្នៃធ្វើជាផ្ទះ នឹងត្រូវបានដំឡើង រួមជាមួយនឹងសេវាកម្មវេជ្ជសាស្រ្ត និងសេវាកម្មសំខាន់ៗផ្សេងទៀត សម្រាប់អ្នកស្រុក។ របាយការណ៍នេះបានអះអាងថា ផែនការនេះនឹងអនុញ្ញាតឱ្យយោធាអ៊ីស្រាអែលបន្តពង្រីកការគ្រប់គ្រងរបស់ខ្លួន លើដែនដីហ្កាហ្សា៕
