អតីតមេបញ្ជាការកងទ័ពអ៊ីស្រាអែល និងជាមេដឹកនាំក្រុមប្រឆាំង លោក Gadi Eisenkot នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ថា ប្រឌិតការអះអាងពីការមានអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបំភ័យសាធារណជនអ៊ីស្រាអែល។
យោងតាមសារព័ត៌មានចុះផ្សាយប្រចាំថ្ងៃរបស់អ៊ីស្រាអែល Yedioth Ahronoth បានឲ្យដឹងថា លោក Eisenkot បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទមួយ នៅភាគកណ្តាលអ៊ីស្រាអែល ដោយបញ្ជាក់ថា សេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក Netanyahu ស្តីពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជារឿងមិនពិត។
លោក Eisenkot ដែលជាប្រធានគណបក្ស Yashar ផងដែរនោះ ត្រូវបានគេដកស្រង់សម្តី ដែលបាននិយាយថា៖ «លោក Netanyahu បាននិយាយរឿងគួរឱ្យស្អប់ខ្ពើម។ អ៊ីរ៉ង់មិនមានគ្រាប់បែកនុយក្លេអ៊ែរអ្វីទាំងអស់។ លោកកំពុងប្រឌិតការពិត ដើម្បីបំភ័យសាធារណជនអ៊ីស្រាអែល»។
សារព័ត៌មាននេះបានបន្ថែមថា លោក Eisenkot កំពុងសំដៅទៅលើមតិយោបល់របស់លោក Netanyahu ដែលបានធ្វើកាលពីថ្ងៃអង្គារ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីស្រាអែល Channel 14 ដោយនៅពេលនោះលោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ខ្ញុំបានឲ្យចូលធ្វើប្រតិបត្តិការក្នុងប្រទេសអ៊ីរ៉ង់ ២ដងដើម្បីជួយសង្គ្រោះពួកយើងឲ្យរួចពីការបំផ្លិចបំផ្លាញដោយគ្រាប់បែកបរមាណូ ដេលពួកគេមាននៅក្នុងដៃរួចហើយ»។
លោក Eisenkot ដែលបានបម្រើការជានាយសេនាធិការយោធាអ៊ីស្រាអែល ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ បានប្រកាសនៅថ្ងៃអង្គារថា លោកមានបំណងឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្ត្រី៕