ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf កាលពីថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) បាននិយាយថា ទីក្រុងតេអេរ៉ង់មិនអាចនាំចេញប្រេងបានឡើយសូម្បី ១បារ៉ែល ក្នុងអំឡុងពេលបិទខ្ទប់ផ្លូវទឹកដោយសហរដ្ឋអាមេរិក ចំពោះកំពង់ផែរបស់ប្រទេស ដោយកត់សម្គាល់ថា ការនាំចេញបានកើនឡើងចាប់តាំងពីពេលនោះមក។
លោក Ghalibaf បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍រដ្ឋថា៖ «ចាប់តាំងពីថ្ងៃដែលការបិទខ្ទប់ផ្លូវត្រូវបានដកចេញ រហូតដល់ថ្ងៃនេះ យើងបាននាំចេញប្រេងជាង ៤០លានបារ៉ែល»។
លោកបានបន្ថែមថា «ផ្ទុយទៅវិញ ក្នុងរយៈពេល ៥០ ទៅជិត ៦០ថ្ងៃមុន យើងពិតជាមិនអាចនាំចេញប្រេងសូម្បីតែ ១បារ៉ែល»។
ជាមួយគ្នានេះ លោក Ghalibaf ក៏បានលើកឡើងផងដែរថា អ៊ីរ៉ង់កំពុងផ្តល់អាទិភាពដល់ការទូតជាមួយសហរដ្ឋអាមេរិក ប៉ុន្តែនៅតែត្រៀមខ្លួន សម្រាប់សង្គ្រាម។
ខណៈដែលគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងធ្វើការពិភាក្សាដាច់ដោយឡែកពីគ្នា នៅទីក្រុងដូហា ប្រទេសកាតា លោកបានសង្កត់ធ្ងន់ថា៖ «យើងកំពុងបន្តការសន្ទនា ប៉ុន្តែប្រសិនបើការសន្ទនាមិនត្រូវបានអនុវត្តទេ យើងក៏ត្រៀមខ្លួនសម្រាប់សង្គ្រាមដែរ ហើយនឹងឆ្លើយតបទៅតាមអ្វីដែលបានកើតឡើង»៕