ប្រភពរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Abraiya បានឲ្យដឹងនៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះថា ការចរចាបច្ចេកទេសដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការនៅទីក្រុងដូហា ដោយមានកាតា និងប៉ាគីស្ថានធ្វើជាអន្តរការី។
គណៈប្រតិភូអ៊ីរ៉ង់បានចាប់ផ្តើមការចរចាជាមួយអ្នកសម្របសម្រួលប៉ាគីស្ថាន ខណៈដែលគណៈប្រតិភូអាមេរិកបានចាប់ផ្តើមការចរចាជាមួយអ្នកសម្របសម្រួលកាតា។ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា ការចរចានៅទីក្រុងដូហា បានផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។
ដោយមានតួនាទីជាអ្នកដឹកនាំគណៈប្រតិភូជាមួយតំណាងមកពីក្រសួងការបរទេសអ៊ីរ៉ង់ ធនាគារកណ្តាល និងក្រសួងកសិកម្ម លោក Kazem Gharibabadi បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា ក៏ដូចជាបានចូលរួមក្នុងកិច្ចប្រជុំត្រីភាគី រវាងអ៊ីរ៉ង់ កាតា និងប៉ាគីស្ថាន ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្ន។
នៅមុននេះ ដោយដកស្រង់ប្រភពដែលដឹងដោយផ្ទាល់អំពីការពិភាក្សានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា បេសកជនអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោកប្រធាំនាធិបតី Donald Trump គឺលោក Jared Kushner បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា កាលពីថ្ងៃអង្គារ ដើម្បីដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំបច្ចេកទេស នៅថ្ងៃពុធនេះ ប៉ុន្តែមិនបានចូលរួមការចរចាដោយផ្ទាល់ខ្លួនឡើយ។
ដោយឡែក មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធនេះថា ការចរចាដោយប្រយោល រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានបន្តចាប់តាំងពីយប់ថ្ងៃអង្គារ នៅទីក្រុងដូហា ដោយបន្ថែមថា ការពិភាក្សាផ្តោតលើការបញ្ចេញមូលនិធិរបស់ទីក្រុងតេអេរ៉ង់ និងច្រកសមុទ្រ Hormuz៕