តាមរយៈការបង្ហោះលើបណ្ដាញសង្គម X នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបភ្លាមៗ និងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយ ប្រឆាំងនឹងប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួន។
ជាមួយគ្នានេះ លោក Araqchi បានឱ្យដឹងទៀតថា៖ «ប្រធានាធិបតីអាមេរិក បានប្តេជ្ញាចិត្តថា សហរដ្ឋអាមេរិក នឹងទប់ស្កាត់វិធានការរបស់ទីក្រុង Tel Aviv។ ប្រសិនបើពួកគេមិនអើពើនឹងសម្ព័ន្ធមិត្តរបស់ពួកគេទេ អ៊ីរ៉ង់នឹងផ្ដល់មេរៀនដល់ពួកគេ»។
ប្រភពមួយដែលដឹងដោយផ្ទាល់ អំពីកិច្ចពិភាក្សា និងមន្ត្រីអ៊ីរ៉ង់មួយរូប បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើកិច្ចពិភាក្សាបច្ចេកទេស នៅទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃពុធនេះ ខណៈដែលភាគីទាំង២ កំពុងស្វែងរកការព្រមព្រៀងគ្នា ស្ដីពីលំហូរនៃការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz និងការធានាបាននូវបទឈប់បាញ់យូរអង្វែង។
ចំណែកការបង្ហោះលើបណ្ដាញសង្គម X របស់លោក Araqchi ត្រូវបានភ្ជាប់ទៅនឹងមតិយោបល់ដែលធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ដែលបានលើកឡើងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei ត្រូវបាន «កំណត់គោលដៅធ្វើឃាត»៕