ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោច ១២នាក់ បានស្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់នៅតំបន់ជាច្រើនរបស់ប្រទេសហ្គាណា រួមទាំងនៅរដ្ឋធានី Accra ផងដែរ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃហ្គាណាលោក Mohammed Mubarak Muntaka និយាយនៅក្នុងសភាថា មនុស្សជាង ៣៨.៨០០នាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះមនុស្ស ៧.៧៦១គ្រួសារ ត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយទីក្រុងរបស់ពួកគេ រងការជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង ។
លោកបន្តថា ទីក្រុង Accra រកឃើញទឹកភ្លៀងកម្ពស់ ១៦៩មីលីម៉ែត្រ ក្នុងរយៈពេល ១ថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតទី ៤ នៅក្នុងប្រទេសមួយនេះ ចាប់តាំងពីឆ្នាំ ១៩៩៥រហូតមក ។
ក្រុមអាជ្ញាធរនិយាយថា ប្រតិបត្តិការជួយសង្រ្គោះ កំពុងបន្តសម្រាប់មនុស្សបាត់ខ្លួន ខណៈការវាយតម្លៃផលខូចខាត បានធ្វើឡើង ៕