រូបភាពរ៉ាដារបស់អង្គការណាសា ឃើញការខូចខាតដោយសារការរញ្ជួយដីកាលពីថ្ងៃទី ២៤ ខែមិថុនា កន្លងទៅនៅប្រទេសវេណេស៊ុយអេឡា ។
តាមរយៈរូបភាព Sentinel-1របស់អង្គការណាសា ក្រុមអ្នកស្រាវជ្រាវ បានប៉ាន់ប្រមាណថាអគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ត្រូវបានរកឃើញនៅតាមច្រករបៀង និងតំបន់ឆ្នេរភាគកណ្តាលទីក្រុង Caracas ។
ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្សរាប់ម៉ឺននាក់ ត្រូវការអាហារ និងជម្រកជាបន្ទាន់ នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីមាននូវរញ្ជួយដីដ៏អាក្រក់បំផុត ២លើក ដែលបានសម្លាប់មនុស្សជិត ២.០០០នាក់ ខណៈដែលគ្រូពេទ្យបានព្រមានអំពីការផ្ទុះឡើងនៃជំងឺ ដោយអ្នករស់រានមានជីវិតកំពុងនាំគ្នាសម្រាកនៅតាមដងផ្លូវ ។
គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ កាលពីសប្តាហ៍មុន ដែលជាគ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយ នៅអាមេរិកឡាទីន បានបណ្ដាលឲ្យអគារលំនៅឋានទាំងមូលបាក់ដួលរលំ ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់បាត់ខ្លួន និងបានជំរុញឲ្យមានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះយ៉ាងប្រញាប់ប្រញាល់ សម្រាប់អ្នកនៅរស់រានមានជីវិតដែលជាប់នៅក្នុងគំនរបាក់បែក ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់ UN និយាយថា កង្វះខាតអាហារកំពុងរាលដាល សេវាកម្មជាមូលដ្ឋានត្រូវបានផ្អាកដំណើរការ ហើយការតភ្ជាប់ត្រូវបានកាត់ផ្តាច់ជាចម្បង នៅក្នុងទីក្រុងកំពង់ផែ La Guaira ជាតំបន់ដែលរងគ្រោះខ្លាំងបំផុត នៅភាគខាងជើងនៃរដ្ឋធានី Caracas ៕