អង្គការសហប្រជាជាតិ(UN) និយាយថា ការរីករាលដាលឆ្លងជំងឺអេបូលា អាចនឹងធ្វើឲ្យទ្វីបអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ពាន់លានដុល្លារ និងបាត់បង់ការងាររាប់ម៉ឺនកន្លែង ក៏ដូចជាបង្កឲ្យមានវិបត្តិអភិវឌ្ឍន៍ ។
រដ្ឋាភិបាលកុងហ្គោនិយាយថា ជំងឺអេបូឡាដែលគ្មានវ៉ាក់សាំងបង្ការ ឬថ្នាំព្យាបាលនោះ បានឆ្លងមនុស្ស ១.៣០៧នាក់ និងបានសម្លាប់មនុស្ស ៣៧៧នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចាប់តាំងពីត្រូវបានប្រកាសកាលពីថ្ងៃទី ១៥ ខែឧសភា ។
ករណីឆ្លងត្រូវបានរាយការណ៍ផងដែរនៅប្រទេសអ៊ូហ្គង់ដា ហើយក្រុមអ្នកជំនាញ បានព្រមានពីលទ្ធភាពនៃការរីករាលដាលឆ្លងទៅកាន់ប្រទេសជិតខាង ដូចជាប្រទេសស៊ូដង់ខាងត្បូង ។
អ្នកស្រី Damien Mama គឺជាអ្នកតំណាងកម្មវិធីអភិឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំនៅកុងហ្គោ និយាយថា បើសិនជាពួកយើងមានធនធាន ហើយនិងចាត់វិធានការ ពួកយើងនឹងអាចទប់ស្កាត់ការរីករាលដាលឆ្លងជំងឺមួយនេះបាន ក៏ដូចជាការពារការបាត់បង់អាយុជីវិតមនុស្សបន្ថែមទៀត ។
អ្នកស្រីបន្តថា បើសិនជាពួកយើងមិនធ្វើទេនោះ ហានិភ័យគ្រាអាសន្នសុខភាពនឹងកាន់តែលិចលង់ខ្លាំងជាងនេះ ហើយវិបត្តិជំងឺអេបូឡា នឹងកើតមាននៅទូទាំងតំបន់ ។
កម្មវិធី UNDP បានគូសបញ្ជាក់ពីសេនារីយោចំនួន ៣សម្រាប់ការរីករាលដាលឆ្លងជំងឺអេបូឡា ។ សេនារីយោល្អបំផុតជាទីដែលការរីករាលដាលឆ្លងជំងឺអេបូឡានៅអាចទប់ស្កាត់ជាប់នៅតាមបណ្តាប្រទេសចំនួន ២ ការចំណាយនឹងត្រូវការ ១ពាន់លានដុល្លារនៃផលិតផលសរុបក្នុងស្រុករបស់កុងហ្គោ ។
នៅក្នុងសេនារីយោករណីអាក្រក់បំផុត ការរីករាលដាលឆ្លងជំងឺមួយនេះទៅកាន់ប្រទេសជាច្រើន រួមទាំងរ៉្វាន់ដា និងអង់ហ្គោឡា ហើយគាប់ជួននឹងតម្លៃប្រេងហក់ឡើងខ្ពស់ដោយសារវិបត្តិសង្រ្គាមអ៊ីរ៉ង់ នឹងធ្វើឲ្យទ្វីបអាហ្វ្រិកខាតបង់ ៣,៦ពាន់លានដុល្លារនៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន ហើយនិងធ្វើឲ្យបាត់បង់ការងារចំនួន ៣២៨.០០០កន្លែង ៕