អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចចរចាដោយប្រយោលមួយជុំកាលពីថ្ងៃពុធ១កក្កដាសប្ដាហ៍នេះ ដោយគ្មានសញ្ញាណាមួយដែលពួកគេបានឈានទៅរកសន្តិភាពយូរអង្វែងនោះទេ ដោយផ្តោតជំនួសមកវិញលើបញ្ហាដែលពួកគេនិយាយថាត្រូវបានដោះស្រាយនៅពេលកិច្ចព្រមព្រៀងបណ្តោះអាសន្នត្រូវបានប្រកាសកាលពីពីរសប្តាហ៍មុន។

ប្រភពដែលដឹងការពិភាក្សានេះបាននិយាយថា អ្នកចរចាសម្រាប់ប្រទេសទាំងពីរបានចំណាយពេលពីរថ្ងៃនៅទីក្រុងដូហា ដើម្បីពិភាក្សាអំពីចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស (Hormuz) និងការដោះលែងមូលនិធិបង្កករបស់អ៊ីរ៉ង់ ដែលជាបញ្ហាសំខាន់ពីរក្រោមកិច្ចព្រមព្រៀងដំបូង។

ក្រសួងការបរទេសកាតាបាននិយាយថា កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងបន្ទាប់ពីពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលត្រូវបញ្ចុះនៅថ្ងៃទី៩ ខែកក្កដា។
អ្នកនាំពាក្យក្រសួងខាងលើ បាននិយាយនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា ការពិភាក្សានៅទីក្រុងដូហាបានបង្កើត "វឌ្ឍនភាពវិជ្ជមាន" លើបញ្ហាទាក់ទងនឹងអនុស្សរណៈដែលបានបញ្ឈប់សង្គ្រាមកាលពីខែមិថុនា និងកំពុង "កសាងលើលទ្ធផល" នៃកិច្ចប្រជុំកំពូលមួយនៅប្រទេសស្វីស។

នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ភាគីទាំងពីរកំពុងសម្រេចបានវឌ្ឍនភាពលើដែនកំណត់ដែលអាចធ្វើទៅបានចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាហេតុផលចម្បងដែលលោកបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីស្រាអែលកាលពីខែកុម្ភៈឆ្នាំ២០២៦នេះ។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងដំណើរការទៅបានល្អ។ ពួកគេមានកិច្ចប្រជុំល្អណាស់ ហើយពួកលោកនឹងរង់ចាំមើល៕