ទីក្រុងតេអេរ៉ង់និយាយថា ខ្លួននឹងបង្កើត «បណ្តាញទំនាក់ទំនង» ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីរាយការណ៍ពីការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរកាលពីពីរសប្តាហ៍មុន ដើម្បីបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីកិច្ចពិភាក្សាបច្ចេកទេសដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងនៅប្រទេសកាតា កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈភាគីទាំងពីរបានស្វែងរកការជំរុញការចរចារបស់ខ្លួន ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាថ្មីៗនេះ។

ប្រទេសកាតាវិញ ក៏និយាយផងដែរថា ការចរចាដោយប្រយោជន៍រវាងអាមេរិកនិងអ៊ីរ៉ង់បានបង្កើតឲ្យមានវឌ្ឍនភាពជាវិជ្ជមាន ។
លោក Gharibabadi ក៏បាននិយាយផងដែរថា ផ្នែកមួយនៃទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កកចំនួន ៦ ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ដើម្បីទិញទំនិញដែលទីក្រុងតេអេរ៉ង់ត្រូវការ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីអតីតកាលថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដោយអ៊ីរ៉ង់ ដើម្បីទិញតែផលិតផលអាមេរិក ប៉ុណ្ណោះ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ និយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមន្ត្រីកាតា រួមទាំងធនាគារកណ្តាល បញ្ហាមួយចំនួនទាក់ទងនឹងការចំណាយផ្នែកមួយនៃទឹកប្រាក់៦ ពាន់លានដុល្លារដំបូងត្រូវបានពិនិត្យឡើងវិញ៕