អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ១ កក្កដា សប្ដាហ៍នេះ បានព្រមានថារលកកម្ដៅដែលកំពុងគ្របដណ្ដប់ពាសពេញអឺរ៉ុប គឺជាសញ្ញានៃអ្វីដែលទ្វីបនេះទំនងជានឹងប្រឈមនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសង្កត់ធ្ងន់ថារដូវក្តៅនឹងកាន់តែធ្ងន់ធ្ងរឡើង ខណៈការប្រែប្រួលអាកាសធាតុកើនឡើង។

លោក Hans Kluge នាយក WHO តំបន់ប្រចាំទ្វីបអឺរ៉ុប បាននិយាយថា រលកកម្ដៅបច្ចុប្បន្នគ្រាន់តែជា "ការហាត់សម" សម្រាប់អនាគត ដោយកត់សម្គាល់ថា អឺរ៉ុបកំពុងឡើងកម្ដៅក្នុងអត្រាច្រើនជាងពីរដងនៃអត្រាមធ្យមសកល ហើយរលកកម្ដៅកំពុងកាន់តែញឹកញាប់ ខ្លាំង និងអូសបន្លាយ។លោកបានព្រមានថា ការត្រៀមខ្លួនមិនគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះនឹងបណ្តាលឱ្យមានអ្នកស្លាប់កាន់តែច្រើន និងការបាត់បង់មនុស្សកាន់តែច្រើន។

លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក កាលពីកន្លងទៅបានប្រកាសថា រលកកម្ដៅ ដែលកំពុងបន្តរហូតមកដល់ពេលនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនជាង១.៣០០នាក់។
លោក Kluge ក៏បានគូសបញ្ជាក់ពីសម្ពាធកាន់តែខ្លាំងឡើងលើប្រព័ន្ធថែទាំសុខភាព ដោយកត់សម្គាល់ថា ការហៅទូរស័ព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់បានកើនឡើងរហូតដល់ ៥០ ភាគរយនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសបារាំង។ ទីក្រុងឡុងដ៍្រ បានកត់ត្រាចំនួនការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ដែលគំរាមកំហែងដល់អាយុជីវិតខ្ពស់បំផុតរបស់ខ្លួនក្នុងមួយថ្ងៃ ខណៈប្រទេសអេស្ប៉ាញបានរាយការណ៍ពីការស្លាប់ដែលទាក់ទងនឹងកម្ដៅជាង៣០០នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ហើយ អ៊ីតាលីបានប្រកាសពីការស្លាប់ដែលទាក់ទងនឹងកម្ដៅចំនួន៥នាក់ក្នុងរយៈពេល២៤ ម៉ោង។
ទោះបីជាសីតុណ្ហភាពបានចាប់ផ្តើមថយចុះនៅក្នុងតំបន់ខ្លះក៏ដោយ មនុស្សជាង ៩៥លាននាក់នៅទូទាំងអឺរ៉ុបខាងកើត និងខាងត្បូងនៅតែបន្តស៊ូទ្រាំនឹងសីតុណ្ហភាពលើសពី ៣៥ អង្សាសេ ដោយក្រុមអ្នកឧតុនិយមព្យាករណ៍ថារលកកម្ដៅមួយទៀតនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ៕

