រដ្ឋបាលលោក Trump បានបដិសេធមិនបន្តកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ដោយចាប់ផ្តើមការរាប់ថយក្រោយរយៈពេល១០ឆ្នាំដើម្បីដំណើរការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ខណៈលោកកំពុងស្វែងរកការផ្លាស់ប្តូរ ព្យាយាមស្តារឡើងវិញការងារផលិតកម្មនិងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជិតខាងអាមេរិកខាងជើង។

លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សហរដ្ឋអាមេរិកមិនបានយល់ព្រមបន្តកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា( USMCA) ក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួនទេ»។ «ជាលទ្ធផលកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា មិនត្រូវបានបន្តឡើយ ប៉ុន្តែសហរដ្ឋអាមេរិកនឹងបន្តចូលរួមជាមួយប្រទេសម៉ិកស៊ិក និងកាណាដា ដើម្បីដោះស្រាយចំណុចខ្វះខាតនៃកិច្ចព្រមព្រៀង និងឱនភាពពាណិជ្ជកម្ម»។ លោក Greer បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តដំណើរការជុំចរចាទ្វេភាគីកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា(USMCA) ដែលគ្រោងធ្វើឡើងជាមួយប្រទេសម៉ិកស៊ិកក្នុងអំឡុងសប្តាហ៍ថ្ងៃទី ២០ ខែកក្កដា។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ការចរចានៅម៉ិកស៊ិកនឹងផ្តោតសំខាន់លើការពង្រឹងច្បាប់ប្រភពដើមរបស់អាមេរិកខាងជើងសម្រាប់រថយន្ត និងទំនិញឧស្សាហកម្មផ្សេងទៀត និងសន្តិសុខសេដ្ឋកិច្ចដើម្បីរារាំងប្រទេសដទៃទៀត រួមទាំងប្រទេសចិនពីការទទួលបានប្រយោជន៍ពីដំណើរការកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា(USMCA)។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ប្រទេសម៉ិកស៊ិកចង់ជួយដោះស្រាយការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីការបាត់បង់ការងារ និងឱនភាពពាណិជ្ជកម្ម ប៉ុន្តែសហរដ្ឋអាមេរិក និងម៉ិកស៊ិកនៅតែខ្វែងគំនិតគ្នាជុំវិញការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់ច្បាប់ប្រភពដើមរថយន្តក្នុងតំបន់ដែលកាន់តែតឹងរ៉ឹង។